ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានអំពាវនាវដល់ម្ចាស់ចំការដូងក្រអូបដាក់ពាក្យស្នើសុំចូលបញ្ជីដើម្បីអាចនាំផ្លែដូងទៅកាន់ទីផ្សារប្រទេសចិន។ ការអំពាវនាវនេះបន្ទាប់ពីកម្ពុជា-ចិនសម្រេចបានពិធីសារពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន នៅថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២៣នេះ ។
តាមរយៈអ្នកនាំពាក្យ ការអំពាវនាវរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានធ្វើឡើងបន្ទាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងអគ្គរដ្ឋបាលគយចិន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានសរសេរនៅលើបណ្តាញសង្គម
ហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះថា នៅពេលសម្រេចបានពិធីសារនេះហើយ កម្ពុជាត្រូវធ្វើការជាមួយប្រជាកសិករធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូង ស្របទៅតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន។
អ្នកនាំពាក្យ កញ្ញា អ៊ឹម រចនា បន្តទៀតថា ទន្ទឹមគ្នានេះ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន សូមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់សម្រាប់នាំចេញទៅកាន់ប្រទេសចិន។
មន្រី្តនាំពាក្យរូបនេះ បន្ថែមថា អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិន នៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីភាគីចិនពិនិត្យ និងវាយតម្លៃដបញ្ចប់ មុននឹងឈានដល់ការនាំចេញជាផ្លូវការ។
សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ នៅប្រទេសកម្ពុជា សព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន ៧ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ ម៉ឺន ៤ពាន់ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួនសរុប ២៤ម៉ឺន ៨ពាន់តោន៕
ដោយ៖ សូរិយា