ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងរបួសជាង ៦០០នាក់ ក្នុងប្រតិបត្តិការយោធារបស់អាស៊ែបៃហ្សង់ លើតំបន់ Nagorno-Karabakh

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា មន្ត្រីម្នាក់ក្នុងតំបន់ផ្តាច់ខ្លួន Nagorno-Karabakh បាននិយាយថា មានមនុស្សស្លាប់និងរងរបួសរាប់រយនាក់នៅបន្ទាប់ពី ប្រតិបត្តិការយោធាពេញមួយថ្ងៃរបស់អាស៊ែបៃហ្សង់ នៅក្នុងតំបន់ផ្ដាច់ខ្លួនមួយនេះ។
នៅលើសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម កាលពីថ្ងៃពុធសប្ដាហ៍នេះ លោក ហ្គេហាំ ស្ទេផានីយ៉ាន់ (Gegham Stepanyan) ជាមន្ត្រីម្នាក់ក្នុងតំបន់ផ្តាច់ខ្លួនNagorno-Karabakh បានគូសបញ្ជាក់ដូច្នេះថា «មានមនុស្សយ៉ាងហោចណាស់២០០នាក់ត្រូវបានសម្លាប់ និងច្រើនជាង ៤០០នាក់រងរបួស»។ លោកបន្ថែមថា មានជនស៊ីវិលយ៉ាងហោច ១០នាក់ ក្នុងនោះមានកុមារ៥នាក់ ស្ថិតនៅក្នុងចំណោមអ្នកដែលបានស្លាប់។
អាស៊ែបៃហ្សង់ មិនបានបញ្ជាក់ពីតួលេខអ្នកសា្លប់ឬរងរបួសនោះទេ ប៉ុន្តែប្រធានាធិបតីអាស៊ែបៃហ្សង់ លោក អ៉ីលហំា អាលីយ៉េវ (Ilham Aliyev) បាននិយាយថា ទាហានរបស់ខ្លួនមួយចំនួនបានស្លាប់និងរងរបួស។
ក្រុមជនជាតិអាមេនីស្ថិតនៅតំបន់ផ្តាច់ខ្លួន Nagorno-Karabakh បានសម្រេចយល់ព្រមចំពោះសំណើផ្តួចផ្តើមដោយរុស្ស៉ី សម្រាប់ បទឈប់បាញ់គ្នានាថ្ងៃពុធនេះ ពោលគឺរយៈពេល២៤ម៉ោង បន្ទាប់ពីអាស៊ែបៃហ្សង់បានចាប់ផ្តើមប្រតិបត្តិការយោធាដើម្បីព្យាយាមវាយគ្រប់គ្រងលើតំបន់នេះទាំងស្រុង។ អាស៊ែបៃហ្សង់បានចាប់ផ្តើមប្រតិបត្តិការយោធានៅតំបន់ Nagorno-Karabakh កាលពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីភាពតានតឹងរវាងគ្នាបានកើនឡើងអស់រយៈពេលប៉ុន្មានខែ។ ជាអន្តរជាតិ តំបន់ Nagorno-Karabakh ត្រូវបានទទួលស្គាល់ផ្លូវការជាទឹកដីនៃ ប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែផ្នែកនៃតំបន់នេះគឺស្ថិតក្រោមការត្រួតត្រារបស់អាជ្ញាធរផ្តាច់ខ្លួនជាជនជាតិអាមេនី ដែលបានអះអាងថា វាគឺជាទឹកដីកំណើតរបស់ដូនតាពួកគេ៕

ដោយ៖ ធីរីណា(រូប​ថត​៖ GettyImages)


ចែករំលែក៖