ខ្សែបម្រើស្លាបរបស់ក្លិបមាន់ខ្នាយមាស Tottenham កីឡាករ Ivan Perisic ត្រូវបានគេរំពឹងថា នឹងអវត្តមានពេញមួយរដូវកាលនេះ បន្ទាប់ពីបានរងរបួសសរសៃពួរមុខធ្ងន់ធ្ងរ។
ក្លិបរបស់លោកបានបញ្ជាក់ថា កីឡាករអន្តរជាតិក្រូអាតវ័យ៣៤ឆ្នាំរូបនេះដែលមានបទពិសោធបានរងរបួសអំឡុងពេលហ្វឹកហាត់ដោយមិនទាក់ទង។គាត់គ្រោងនឹងទទួលការវះកាត់ជង្គង់ខាងស្តាំរបស់គាត់ មុនពេលចាប់ផ្តើមការស្តារនីតិសម្បទារបស់គាត់នៅភាគខាងជើងទីក្រុងឡុង។
Perisic បានចូលរួមជាមួយ Tottenham ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំពីក្លិបអ៊ីតាលី Inter Milan ក្នុងឆ្នាំ២០២២ ហើយកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅខែកក្កដា ឆ្នាំក្រោយ។
ក្រុមមាន់ខ្នាយមាស Spurs មិនស្គាល់ចាញ់សោះក្នុងការប្រកួត Premier League ចំនួន៥ប្រកួតក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Ange Postecoglou ក្នុងរដូវកាលនេះ ដោយឈ្នះ៤ និងស្មើ១ប្រកួតដើម្បីឈរលេខ២បណ្តោះអាសន្នក្នុងតារាង។
Perisic ដែលធ្លាប់ជួយក្រុមឈ្នះជើងឯក Champions League ជាមួយ Bayern Munich ក្នុងឆ្នាំ២០១៩–២០២០ និងជើងឯកលីកកំពូលអ៊ីតាលីជាមួយ Inter Milan ក្នុងឆ្នាំ២០២០–២០២១ ទំនងជាមិនបន្ថែមលើការបង្ហាញខ្លួនជំនួស៥លើករបស់គាត់រហូតមកដល់ពេលនេះក្នុងយុទ្ធនាការរដូវកាល ២០២៣–២០២៤នេះនោះទេ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)