ព័ត៌មានទាន់ហេតុការណ៍៖

ការប្រឈមមុខតានតឹងរវាង ប៉ូឡូញនឹងអុីរ៉ង់ ពាក់ព័ន្ធ គ្រាប់ធញ្ញជាតិ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា ប៉ូឡូញ នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថា ខ្លួននឹងលែងផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែនតទៅទៀតឡើយ ដ្បិតត្រូវផ្តោតលើវិស័យការពារជាតិរបស់ខ្លួនឯង ខណៈដែលសម្ព័ន្ធមិត្តទាំង២កំពុងមានជម្លោះនឹងគ្នា ចំពេលដ៏សំខាន់នៃប្រតិបត្តិការវាយបករបស់ទីក្រុងកៀវប្រឆាំងនឹងរុស្ស៉ី។
ពាក់ព័ន្ធនឹងទំនាស់កាន់តែក្ដៅជុំវិញការនាំចូលធញ្ញជាតិពីអ៊ុយក្រែន ប៉ូឡូញបានកោះហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែន ដើម្បីសម្ដែងការតវ៉ាចំពោះការលើកឡើងរបស់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយថាមានប្រទេសមួយចំនួនបានធ្វើពុតជាគាំទ្រប្រទេសរបស់លោក ខណៈដែលអ៊ុយក្រែនកំពុងដឹកនាំប្រតិបត្តិការវាយបកដណ្ដើមទឹកដីរបស់ខ្លួនដែលរុស្ស៉ីកំពុងកាន់កាប់មកវិញ។ ការអត្ថាធិប្បាយបែបនេះធ្វើឱ្យប៉ូឡូញផ្ទុះកំហឹងជាខ្លាំង រហូតដល់នាយករដ្ឋមន្ត្រីប៉ូឡូញព្រលយថា ទីក្រុងវ៉ាសូវីនឹងមិនផ្ដល់ជំនួយអាវុធឱ្យអ៊ុយក្រែនទៀតនោះទេ។ ជាការឆ្លើយតបទៅនឹងអ្នកសារព័ត៌មានដែលសួរថា តើប៉ូឡូញនឹងបន្តផ្ដល់ជំនួយយោធាសម្រាប់ទីក្រុងកៀវតទៅទៀតបើទោះជាប្រទេសទាំង២កំពុងមានជម្លោះដែរឬក៏យ៉ាងណា?
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ម៉ាធើស ម៉ូរ៉ាវ៉ិចគី (Mateusz Morawiecki) បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងមិនបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែនទៀតនោះទេ ដោយសារតែបច្ចុប្បន្នយើងកំពុងបំពាក់អាវុធឱ្យកងទ័ពយើងដែរ ជាមួយអាវុធទំនើបៗបន្ថែម»។
ប៉ូឡូញគឺជាអ្នកគាំទ្រដ៏ខ្លាំងមួយសម្រាប់អ៊ុយក្រែន ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ២០២២មក ហើយក៏ជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំមួយរបស់ទីក្រុងកៀវផងដែរ ស្របពេលអាវុធមួយភាគធំពីសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសអឺរ៉ុបត្រូវដឹកជញ្ជូនតាមប៉ូឡូញទៅឱ្យអ៊ុយក្រែន។ ប៉ុន្តែ ប៉ូឡូញនិងអ៊ុយក្រែនបានផ្ទុះភាពតានតឹងនឹងគ្នា ដោយសារតែបម្រាមនាំចូលធញ្ញជាតិពីអ៊ុយក្រែនដោយរដ្ឋាភិបាលប៉ូឡូញ ដើម្បីការពារកសិករនៅក្នុងស្រុក។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន គណៈកម្មការអឺរ៉ុបបាននិយាយថាខ្លួនបានបិទបញ្ចប់បម្រាមនាំចូលនេះ ប៉ុន្តែប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី បានប្រកាសភ្លាមៗថា ពួកគេនឹងមិនអនុវត្តតាមឡើយ។ កន្លងមក ក្រុមមន្ត្រីជាន់ខ្ពស់ប៉ូឡូញក៏ធ្លាប់បានទាមទារផងដែរឱ្យអ៊ុយក្រែនបង្ហាញការដឹងគុណ៕

ដោយ៖ ធីរីណា(រូប​ថត​៖ TTXVN)


ចែករំលែក៖