ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យស្នងការដ្ឋានខេត្តតាកែវបំភ្លឺការចុះផ្សាយនូវករណី “ក្រុមគ្រួសារជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ទាំងពីរនាក់ប្តីប្រពន្ធ រីឯកូនរងរបួស ដង្ហោយរកយុត្តិធម៌ ស្នើដល់សមត្ថកិច្ចពាក់ព័ន្ធនិងស្ថាប័នតុលាការជួយពន្លឿន និងរកដំណោះស្រាយជូនពួកគាត់ផង”

ចែករំលែក៖

ភ្នំពេញ​ ៖​ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ​ នៅព្រឹកថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានបញ្ចាក់យ៉ាងដូច្នេះថា​ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមជម្រាបជូនសាធារណជនជ្រាបថា៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ គណនីហ្វេសប៊ុកផេកទូរទស្សន៍នាគរាជចតុមុខ NRCM TV បានចុះផ្សាយនូវករណី “ក្រុមគ្រួសារជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ទាំងពីរនាក់ប្តីប្រពន្ធ រីឯកូនរងរបួស ដង្ហោយរកយុត្តិធម៌ ស្នើដល់សមត្ថកិច្ចពាក់ព័ន្ធនិងស្ថាប័នតុលាការជួយពន្លឿននិងរកដំណោះស្រាយជូនពួកគាត់ផង”។

    សូមជម្រាបជូនថាៈ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវក្រាលក្រួសក្រហម ស្ថិតក្នុងភូមិចំបក់ឯម ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ រវាងរថយន្តនឹងម៉ូតូ មានទិសដៅបញ្ច្រាសគ្នា។ រថយន្តម៉ាក COROLLA ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ កណ្តាល 2A-0786 (មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ) បើកបរក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុបានបុកម៉ូតូ០១គ្រឿងម៉ាកហុងដា CD ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ តូច ផាន់ណា ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ      បណ្តាលឱ្យរងរបួសធ្ងន់ និងមានអ្នករួមដំណើរចំនួន០២នាក់៖ ទី១-ឈ្មោះ អ៊ន ស៊ីនួន ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកសិករ ត្រូវជាប្រពន្ធអ្នកបើកបរម៉ូតូ បណ្តាលឱ្យស្លាប់ក្រោយពេលបញ្ជូនមកដល់មន្ទីរពេទ្យខេត្តតាកែវ និងទី២- ឈ្មោះ នាង និត ភេទប្រុស អាយុ៦ឆ្នាំ មុខរបរសិស្ស ត្រូវជាកូនអ្នកបើកបរម៉ូតូរងរបួសធ្ងន់។ លុះមកដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ អ្នកបើកបរម៉ូតូឈ្មោះ តូច ផាន់ណា ក៏បានស្លាប់ដោយសាររងរបួសធ្ងន់ធ្ងរពេក។ ចំណែករថយន្តបង្កបានបើករត់គេចចេញពីកន្លែងកើតហេតុយករថយន្តទៅចតចោលប្រហែល ១៥គីឡូម៉ែត្រ(ចំណុចខាងកើតផ្សារកំពង់ជ្រៃ)ពីកន្លែងកើតហេតុ។ បន្ទាប់មកកម្លាំងជំនាញបានធ្វើកំណត់ហេតុដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះអណ្តែត។

    ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះអណ្តែតសហការជាមួយជំនាញពាក់ព័ន្ធ បានធ្វើការស្រាវជ្រាវស្វែងរកអត្តសញ្ញាណអ្នកបើកបររថយន្តបង្កពុំទាន់ឃើញ ដោយរថយន្តបង្កបានលក់ទៅឱ្យអ្នកផ្សេងតៗគ្នា ពីខេត្តមួយទៅខេត្តមួយ ធ្វើឱ្យកម្លាំងសមត្ថកិច្ចយើងយឺតយ៉ាវក្នុងការកសាងសំណុំរឿង និងបញ្ជូនវត្ថុតាងទៅស្ថាប័នតុលាការ។ ទើបនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះអណ្តែតបានកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តតាកែវដើម្បីចាត់ការបន្តតាមនីតិវិធី។ លុះមកដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានកសាងសំណុំរឿងបន្តតាមនីតិវិធី បញ្ជូនបន្តទៅកាន់អយ្យការអមសាលាដំបូងខេត្តតាកែវ។

​     អាស្រ័យដូចបានជម្រាបជូនខាងលើ សូមគណនីហ្វេសប៊ុកផេកទូរទស្សន៍នាគរាជចតុមុខ NRCM TV និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖