ភ្នំពេញ ៖ នៅវេលាម៉ោង១និង៥៣នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅប្រទេសកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា មិនបោះបង់ពេលវេលាចោលឡើយ សម្តេចឆ្លៀតយកឱកាសពិនិត្យឯកសារមួយគំនរ លើយន្តហោះ ដើម្បីទៅចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះ លើផឹកផ្លូវការយ៉ាងដូច្នេះថា : ចាប់ផ្តើមនៃការធ្វើដំណើរតាមយន្តហោះរយៈពេលជាង ២០ម៉ោង ជាមួយនឹងឯកសារមួយគំនរ ដើម្បីទៅចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា : នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីអញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីសំខាន់ៗរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជនមួយចំនួនរបស់កម្ពុជា។
មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។
ក្រសួងការបរទេស បានឱ្យដឹងថា ខ្លឹមសារនៃសន្ទរកថារបស់ សម្តេចធិបតី នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនឹងផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន ៣ រួមមាន :
-បរិបទពិភពលោក
-វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា
-និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)។
សម្តេចធិបតី ក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជនបរទេសមួយចំនួន ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក។
នៅអំឡុងពេលនៃកិច្ចប្រជុំខាងលើ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាថ្នាក់តំបន់និងអន្តរជាតិ រួមមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច (ECO) លើកទី១៥។ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងគ្រោងជួបពិភាក្សាទ្វេភាគីដោយឡែកពីគ្នា ជាមួយសមភាគី មកពីបណ្តាប្រទេសនានាផងដែរ។
រយៈពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីទទួលដំណឹងអំពី សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នោះ មានប្រជាពលរដ្ឋខ្មែររស់នៅបណ្តារដ្ឋនានា នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា បានប្រកាសស្វាគមន៍ និងសម្តែងការគាំទ្រជាខ្លាំង។ ពួកគេមានការពេញចិត្តចំពោះសម្តេចធិបតី ក្នុងការកាន់តំណែងជានាយករដ្ឋមន្រ្តីកម្ពុជា អាណត្តិទី៧នេះ៕
ដោយ ៖ សិលា