ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះការទូត ឥណ្ឌាព្រមានពលរដ្ឋរបស់ខ្លួនកាត់បន្ថយការធ្វើដំណើរទៅកាន់ផ្នែកខ្លះនៃប្រទេសកាណាដា

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា ឥណ្ឌាបានព្រមានពលរដ្ឋរបស់ខ្លួនប្រឆាំងនឹងការធ្វើដំណើរទៅកាន់ផ្នែកខ្លះនៃប្រទេសកាណាដា ចំពេលមានជម្លោះការទូតដែលបង្កឡើងដោយសារតែការចោទប្រកាន់របស់ទីក្រុងអូតាវ៉ា ថាទីក្រុងញូវដេលីប្រហែលជាមានជាប់ពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំក្រុមជនជាតិភាគតិចស៉ីគ (Sikh)។
ដោយមិននិយាយចំៗជម្លោះការទូតកំពុងកើតឡើង ក្រសួងការបរទេសឥណ្ឌាបានឱ្យដឹងថា មានការព្រួយបារម្ភអំពីសុវត្ថិភាពពលរដ្ឋឥណ្ឌានៅក្នុងប្រទេសកាណាដា ព្រោះតែសារនយោបាយបង្កឱ្យមានការស្អប់ខ្ពើមនិងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។ ក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់ថា «ការគំរាមកំហែងផ្តោតជាពិសេសទៅលើអ្នកការទូតឥណ្ឌានិងសហគមន៍ឥណ្ឌាមួយចំនួនដែលមិនស្របតាមនិន្នាការប្រឆាំងឥណ្ឌា។ ដូច្នេះជនជាតិឥណ្ឌាត្រូវបានណែនាំឲ្យចៀសវាងការធ្វើដំណើរទៅកាន់តំបន់និងទីកន្លែងដែលមានហានិភ័យក្នុងប្រទេសកាណាដា»។ ទោះជាយ៉ាងនេះក្តី សេចក្តីណែនាំមិនបានដាក់ឈ្មោះទីក្រុង ឬទីតាំងជាក់លាក់សម្រាប់ប្រជាជនឥណ្ឌាគួរចៀសវាងនោះទេ។
កាលពីដើមសប្តាហ៍នេះ កាណាដាបាននិយាយថា ខ្លួនកំពុងតែតាមដានយ៉ាងសកម្មនូវការសង្ស័យអំពីការជាប់ទាក់ទងគ្នារវាងភ្នាក់ងាររបស់រដ្ឋាភិបាលឥណ្ឌា ជាមួយនឹងការសម្លាប់មេដឹកនាំផ្ដាច់ខ្លួនជនជាតិភាគតិចស៉ីគ (Sikh) នៅខេត្ត British Columbia ប្រទេសកាណាដា កាលពីខែមិថុនាកន្លងទៅ។ ទីក្រុងញូវដេលីបានច្រានចោលការចោទប្រកាន់របស់កាណាដាថាជារឿងមិនសមហេតុផលនិងមានចេតនាមិនល្អ ហើយបានទទូចឱ្យទីក្រុងអូតាវ៉ា ងាកទៅររកវិធានការផ្លូវច្បាប់ប្រឆាំងនឹងចលនាប្រឆាំងប្រទេសឥណ្ឌា ដែលធ្វើប្រតិបត្តិការចេញពីទឹកដីរបស់ខ្លួន។ ក្រោយមក ឥណ្ឌានិងកាណាដាបានប្រកាសបណ្តេញមន្រ្តីទូតគ្នាទៅវិញទៅមក៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖