ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំនាញវិស័យទេសចរពន្យល់អំពីនិន្នាការភ្ញៀវទេសចរណ៍នៅរដូវវស្សាដែលមិនសូវដើរហើរ

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា អះអាងថា ស្ថានភាពទូទៅទាក់ទងនិងទេសចរណ៍ក្នុងប្រទេសកម្ពុជា ចំនួនភ្ញៀវទេសចរ បរទេសដែលចូលមក មិនមានការថមថយនោះទេ។ ជាក់ស្ដែងក្នុងរយៈពេល ៧ខែកន្លងមកនេះ កម្ពុជាទទួលបានអ្នក ទេសចរជាង ៣លាននាក់ គ្រាន់តែអ្នកទាំង អស់នោះពុំមែនជាអ្នកទេសចរទាំងអស់ ដោយអ្នកខ្លះមកកម្ពុជា នៅក្នុងបេសកកម្មការងារ។ លោកស្រីបញ្ជាក់ថា ជាទូទៅនៅក្នុងរដូវវស្សាអ្នកទេសចរពុំសូវមានដំណើរកម្សាន្ដទេ ដោយសារតែមានភ្លៀងធ្លាក់ច្រើន ពិសេសអំឡុងខែសីហា និងខែកញ្ញា។ 

កម្ពុជាកាលពីមុនពេលមានជំងឺរាតត្បាតកូវីដ១៩ ត្រូវបានគេកត់សម្គាល់ថា មានចំនួនភ្ញៀវទេសចរបរទេសច្រើនចូលមកកាន់កម្ពុជា ពិសេសគឺជនជាតិចិន ប៉ុន្ដែក្រោយពីការរាតត្បាតនៃជំងឺកូវីដ១៩ និងក្រោយការ គ្រប់គ្រងបាន នៃជំងឺកូវីដ១៩ អ្នកទេសចរហាក់មិនសូវនិន្នាការចេញដើរកម្សាន្ដទេ ហើយភ្ញៀវចិនក៏ដូចគ្នាដែរ។ 

លោកស្រីមានប្រសាសន៍ថា ៖« ដោយសារតែជារដូវភ្លៀងធ្លាក់ ដែលយើងហៅថារដូវ low យើងមិនចង់ហៅអ៊ីចឹង តែជាក់ស្ដែងភ្ញៀវអត់ចូលចិត្តទេ រដូវភ្លៀងអ៊ីចឹងភ្ញៀវដើរអត់កើត អ៊ីចឹងវារាងស្ងាត់ជាងធម្មតា ជាពិសេសខែ៨ ខែ៩និងគឺភ្លៀងធ្លាក់ខ្លាំងអ៊ីចឹងហើយភ្ញៀវថយចុះ។ ក្នុងនោះអ្វីដែលយើងចាប់អារម្មណ៍ជាងគេ គឺភ្ញៀវចិនអត់មក ដែលកាលមុនបរិបទកូវីដ១៩ កាលពី ២០១៩ ភ្ញៀវចិននេះ គឺជាទីផ្សារនាំមុខគេ ទោះបីក្នុងរដូវភ្ញៀវធ្លាក់ក៏គាត់មកខ្លះដែរ។ អ៊ីចឹងហើយរដូវភ្ញៀវធ្លាក់ ហើយខ្វះភ្ញៀវចិន ធ្វើឲ្យស្ងាត់ខ្លាំង។ ចំពោះសួរថា ម្ដេចភ្ញៀវចិនអត់មក នេះគឺជានយោបាយរបស់ប្រទេសចិនយើងបាន ឮសេចក្ដីប្រកាសហើយគេបើកប្រទេសពេញលេញ តែជាក់ស្ដែងគាត់មានការរឹតត្បិតការចេញដើររបស់ពលរដ្ឋ។ ហេតុដូចនេះហើយធ្វើឲ្យប្រជាជនចិនគាត់ស្ទាក់ស្ទើរក្នុងការចេញដើរ ធ្វើឲ្យយើងស្ងាត់តែម្ដង»។

ក្រៅពីការរឹតត្បិតការចេញដើររបស់ប្រជាជនដោយរដ្ឋា ភិបាលចិនហើយ ក៏នៅមានការលេចឮ ព័ត៌មានមិនល្អពីកម្ពុជា ដែលបង្ហាញតាមរយៈខ្សែភាពយន្ដមួយ ដែលបានថតដោយអះអាងថា ផ្អែកទៅលើរឿងពិតស្ទើរតែមួយរយភាគរយហើយនៅក្នុងសាច់រឿង គឺបានបង្ហាញតួអង្គពាក់អាវយឺត ដែលមានអក្សរខ្មែរបញ្ជាក់ពីកម្ពុជា។ លោកស្រីអះអាងថា បើទោះបីភាពយន្ដនោះមិនបញ្ជាក់ថា រឿងរ៉ាវកើតឡើងនៅទីណា តែតាមរយៈតួអក្សរនោះ គេដឹងបានថាជាស្រុកខ្មែរ ដែលបានធ្វើឲ្យអ្នកទេសចរចិន ដែលធ្លាប់តែមកកម្ពុជាស្ទើរពេញមួយឆ្នាំ កើតការខ្លាចរអានិងថមថយរហូតមកដល់ពេលនេះ។ 

តែយ៉ាងណាបើនិយាយជារួម សម្រាប់ការចូលមកកម្ពុជា របស់អ្នកទេសចរក្នុងប្រទេសដទៃទៀត លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា អះអាងថា  បន្ទាប់ពីរដូវវស្សានេះទៅ កម្ពុជានឹងមានភ្ញៀវទេសចរបរទេសចូលមកវិញ ក្នុងចំនួនច្រើន លើកលែងតែភ្ញៀវទេសចរចិនតែប៉ុណ្ណោះ។ការអះអាងនេះមដោយយោងទៅលើចំនួន នៃការកក់កញ្ចប់សេវាកម្មភ្ញៀវបរទេសបរទេស ដែលសមាគមរបស់លោកជំទាវទទួលបាន។ 

លោកស្រី ឆាយ ស៊ីវលីន ថ្លែងថា ៖«បន្ទាប់ពីភ្ញៀងធ្លាក់នេះទៅយើងមាន ចាប់ពីចុងខែតុលាទៅយើងមានការត្រឡប់មកវិញភ្ញៀវក្នុងទីផ្សារផ្សេងៗ លើកលែងតែភ្ញៀវចិន ដែលយើងមិនទាន់ឃើញមានសញ្ញាអីដែលគាត់កក់នៅចុងឆ្នាំនេះទេ តែសម្រាប់ភ្ញៀវផ្សេងគឺមានការកក់ហូរហែ តែយ៉ាងណាមិនអាចធ្វើការប្រៀបធៀបនិងចំនួនដែលធ្លាប់នាំមុខគេនៃភ្ញៀវទេសចរចិននោះទេ»។

លោកស្រីបន្ថែមថា សម្រាប់គ្រប់គ្នាពិតជាបានឃើញហើយថា នៅពេលដែលមិនមានទេសចរគឺធ្វើឲ្យសេដ្ឋកិច្ចទាំងមូលមានការអន់ថយ និងរាំងស្ទះផងដែរ ពីព្រោះថា ប៉ះពាល់ដល់អន្ដរវិស័យដែលជាវិស័យផ្គត់ ផ្គង់មកឲ្យទេសចរណ៍ ហេតុដូច្នេះហើយដើម្បីលើក ស្ទួយឲ្យទេសចរណ៍ នៅកម្ពុជា ឲ្យមានការប្រកួតប្រជែងនៅលើទីផ្សារ គឺត្រូវតែមានការចូលរួមគ្រប់ភាគី ទាំងរដ្ឋ និងឯកជន ដែលត្រូវតែមានបេសកកម្មគ្រប់ៗគ្នាថា យើងត្រូវតែចូលរួមដើម្បីបម្រើទេសចរណ៍៕

ដោយ៖ សូរិយា


ចែករំលែក៖