ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ភាពស្របច្បាប់របស់រាជរដ្ឋាភិបាល គឺប្រជាពលរដ្ឋជាអ្នកផ្តល់ឱ្យតាមរយៈការបោះឆ្នោត

ចែករំលែក៖

សហរដ្ឋអាមេរិក ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា អត្រានៃអ្នកចេញទៅបោះឆ្នោតនៅឆ្នាំ២០២៣ចំនួន៨លាន២សែននាក់ ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតជាង៩លាននាក់ បានទៅអនុវត្តន៍សិទ្ធិរបស់ខ្លួន។ បើសិនឆន្ទៈរបស់ប្រជាពលរដ្ឋ៨លាន២សែននាក់ មិនមែនជាឆន្ទៈនោះ តើអ្វីទៅជាឆន្ទៈរបស់ពលរដ្ឋនោះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណ២៥០០នាក់ ដែលពិធីនេះ ប្រារព្ធធ្វើនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងចំណោមនោះអត្រាប្រជាជនជាង៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដូច្នេះ ភាពស្របច្បាប់នោះ គឺប្រជាពលរដ្ឋនេះហើយ។ បើសិនប្រជាពលរដ្ឋ៨លាន២សែននាក់ មិនតំណាងឱ្យប្រជាពលរដ្ឋទៀត តើអ្វីដែលតំណាងឱ្យប្រជាពលរដ្ឋនោះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នៅសហរដ្ឋអាមេរិកវិញ ជួនកាលអ្នកចេញទៅបោះឆ្នោតមិនបានដល់៥០%ផង ប៉ុន្តែគេនៅតែទទួលយកដោយផ្អែកទៅលើច្បាប់ប្រទេសគេ។ ចំណែកនៅកម្ពុជា ប្រជាពលរដ្ឋជាង៨លាននាក់ចេញទៅបោះឆ្នោត ដែលនេះហើយបង្ហាញពីភាពស្របច្បាប់ នៅក្នុងក្រសែភ្នែករបស់អ្នកដែលចេញទៅបោះឆ្នោត៕

ប្រភព ៖ កូនខ្មែរ


ចែករំលែក៖