ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ្សង់ ហ្វ្រង់ស័រតាន់ ៖ រំលឹកសារនយោបាយសំខាន់ៗ ៣ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងនៅលើវេទិកានៃមហាសន្និបាតអង្គការសហប្រជាជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ បានថ្លែង​នៅក្នុងសន្និសីទសារព័ត៌មាន​ នាព្រឹកថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ថា៖​ នៅក្នុងកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធា នៅលើទឹកដីរបស់ខ្លួនឡើយ។

ការថ្លែងបែបនេះ​របស់​លោក ហ្សង់ ហ្វ្រង់ស័រតាន់​ បានធ្វេីឡេីង​បន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកដល់ប្រទេសកម្ពុជាវិញនៅព្រឹក​នេះ​ បន្ទាប់ពីបានទៅចូលរួមកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ បានថ្លែង​ប្រាប់ក្រុមអ្នកសារព័ត៌​មានយ៉ាងដូច្នេះថា៖ នៅក្នុងដំណើរបំពេញបេសសកម្មនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត​ បានឡើងថ្លៃសុរន្ទកថា នៅលើវេទិកា នៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣។ ក្នុងវេទិកានោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវសារនយោបាយសំខាន់ៗចំនួន ៣ ដើម្បីបញ្ជូនទៅកាន់សហគមន៍អន្តរជាតិ។​ 

ដោយសារនយោបាយទាំង៣នេះ គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងទៅកាន់ពិភពលោកឱ្យយល់កាន់តែច្បាស់នូវជំហរឯករាជ្យ អព្យាក្រឹត្យរបស់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។ លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានរំលឹកសារនយោបាយសំខាន់ៗ ៣ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានថ្លែងនៅលើវេទិកានៃមហាសន្និបាតអង្គការសហប្រជាជាតិ។ ទី១. កម្ពុជា ក៏ដូចជាបណ្ដាប្រទេសនានាដែរ លើកកម្ពស់ និងតម្កល់ផលប្រយោជន៍ជាតិរបស់កម្ពុជាជាធំ។ ទី២. កម្ពុជា ពង្រឹងមិត្តភាពដែលមានស្រាប់ និងពង្រីកមិត្តភាពបន្ថែម​ បើកដៃ បើកបេះដូង ទៅរកមិត្តភាពថ្មី។ ទី៣. កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធា នៅលើទឹកដីកម្ពុជាទេ ដែលចំណុចនេះមានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។​

ចំណុចទី៣នេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា «ជារួម​ បើយើងវិលមករកករណីហ្នឹង បានន័យថា រឿងរ៉ាវជុំវិញមូលដ្ឋានយោធារាម អស់រយៈពេលជាច្រើនឆ្នាំមកហើយ ពេលនេះគួរតែបញ្ចប់ ត្រូវតែចប់ ពីព្រោះនេះជាលើកទីមួយ​បង្អស់ នៅលើវេទិកានៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលកម្ពុជាតាមរយៈសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ប្រកាសយ៉ាងចំហទៅកាន់ពិភពលោក ដោយយកពិភពលោកជាសាក្សី មិនអាចកើតមានទៅរួចទេ មូលដ្ឋានយោធាបរទេសនៅក្នុងប្រទេសកម្ពុជា»។

លើសពីនេះទៅទៀត​ លោករដ្ឋមន្ត្រីប្រតិភូ បានលើកឡើងបន្ថែមថា ចាប់ពីពេលនេះតទៅ គួរឈប់និយា​យពីបញ្ហាមូលដ្ឋានយោធាបរទេសនៅកម្ពុជាតទៅទៀត ពីព្រោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកា​សប្រាប់ពិភពលោករួចហើយថា កម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធា នៅលើទឹកដីរបស់ខ្លួននោះឡើយ៕

ដោយ​៖ សហការី​


ចែករំលែក៖