ភ្នំពេញ ៖ មានផ្ទះដំឡើងស្ថានីយប្រេង និងធុងហ្គាសមួយកន្លែង ខណៈពេលក្រុមជាងកំពុងតែដំឡើងសម្ភារស្ថានីយប្រេង និងហ្គាសក៏ស្រាប់តែផ្ទុះធុងខ្យល់លាន់ឮឡើងយ៉ាងកក្រើក បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ចំនួន៥នាក់និងស្រាលម្នាក់ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចទីតាំងយីហោ «រាជសីហ៍» ដែលសាងសង់ស្ថានីយប្រេងនិងហ្គាសសម្រាប់ផ្គត់ផ្គង់កុងទ័រប្រេងហ្គាសនិងស៊ីទែនគ្រប់ប្រភេទ តាមបណ្ដោយផ្លូវវត្តអង្គតាមិញ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះដែលផ្ទុះធុងខ្យល់ខាងលើនេះ មានឈ្មោះ អួន សុផារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បេីតាមប្រភពព័ត៌មានពីបងប្អូនជិតខាងនៅកន្លែងកើតហេតុ បាននិយាយប្រាប់ឱ្យដឹងថា «ទីតាំងខាងលើគឺបើកអាជីវកម្មសាងសង់ស្ថានីយប្រេងនិងហ្គាស ផ្គត់ផ្គង់កុងទ័រប្រេង ហ្គាស និងស៊ីទែនគ្រប់ប្រភេទ។ នៅមុនពេលកើតហេតុ ក្រុមគ្រួសាររបស់គាត់គឺនៅក្នុងផ្ទះដោយមានគ្នាចំនួន៤នាក់ ក្នុងនោះប្តីប្រពន្ធ និងកូនស្រីតូច ព្រមទាំងជាងម្នាក់ផងដែរ»។
ប្រភពដដែលបានបន្តថា «ខណៈពេលជាងកំពុងតែដំឡើងសម្ភារស្ថានីយប្រេង និងហ្គាសក៏ស្រាប់តែផ្ទុះធុងខ្យល់ដែលជាងកំពុងតែដំឡើងនោះបណ្តាលឱ្យផ្ទុះបែកខ្ទាតពីខាងក្នុងចេញមកក្រៅ បណ្ដាលឱ្យមនុស្សនៅក្នុងផ្ទះចំនួន៤នាក់រងរបួសធ្ងន់ និងស្ត្រីជាអ្នកជិតខាងម្នាក់រងរបួសស្រាល ព្រមទាំងអ្នករួមដំណើរម្នាក់ទៀតដែលចូលមកមើលនៅខាងមុខផ្ទះក៏ត្រូវរងរបួសធ្ងន់ផងដែរ» ។ ខណៈពេលកម្លាំងធុងខ្យល់ផ្ទុះនោះ គឺទ្វារផ្ទះដែលបិទត្រូវបានកម្លាំងខ្យល់បុកធ្វើឱ្យរងការខូចខាតបែកកញ្ចក់ខ្ទាតចេញមករាយប៉ាយពេញផ្លូវតែម្ដង ព្រមទាំងប៉ើងដំបូលស័ង្កសីផ្ទះខាងមុខធ្វើឱ្យដាច់ដោចរងការខូចខាតយ៉ាងដំណំ សូម្បីតែអ្នកជិតខាងកំពុងតែលក់ដូរនោះក៏ធ្វើឱ្យកញ្ចក់ទូដាក់ភេសជ្ជៈរងការខូចខាតបែកខ្ទេចអស់មួយចំនួនធំផងដែរ។
ក្រោយពីហេតុការណ៍នេះបានកើតឡើង ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះឯកជនជាច្រើនរថយន្ត ក្នុងនោះរួមមានរថយន្តសង្គ្រោះឯកជនសម្ភពសែនមានជ័យ និងសម្ភពពន្លឺ ព្រមទាំងរថយន្តផ្សេងទៀត បានមកដឹកជនរងគ្រោះភ្លាមៗ ដើម្បីយកទៅសង្គ្រោះ។ ចំណែកជនរងគ្រោះរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះឯកជនបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ។
ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ រួមទាំងសមត្ថកិច្ចជំនាញ បានចុះមកកន្លែងកើតហេតុភ្លាមៗ តែជនរងគ្រោះត្រូវរថយន្តសង្គ្រោះឯកជន បញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យឯកជនជាច្រើនបាត់ទៅហើយ ដោយមិនទាន់ដឹងថា តើដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យណាខ្លះនៅឡើយទេដែលកំពុងព្យាបាលជនរងគ្រោះក្នុងករណីខាងលើនេះ៕
ដោយ ៖ ភារ៉ា ដង្កោ