ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបបានសម្រេចហើយជិះម៉ូតូទៅបុកម៉ូតូ២គ្រឿងបណ្តាលឱ្យជនសង្ស័យស្លាប់ភ្លាមៗ

ចែករំលែក៖

    ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ជិះម៉ូតូធ្វេីសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចហេីយព្យាយាមជិះម៉ូតូគេចខ្លួនក៏ជ្រុលទៅបុកម៉ូតូ២គ្រឿងទៀតបណ្តាលឱ្យបោកក្បាលស្លាប់ខ្លួនឯងភ្លាមៗ។ 

   ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៧និង៣០នាទី​ព្រឹកថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០២៣​ នៅចំណុចក្រោមស្ពានអាកាសចោមចៅ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

    ជនរងគ្រោះឈ្មោះ សាំង​ នីតា​ ភេទស្រីអាយុ៣៤ឆ្នាំ​ មុខរបរគ្រូពេទ្យ​ ស្នាក់នៅភូមិអូដឹម​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាវ៉េវ​ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​1JE -6152​  ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចក្រោមស្ពានអាកាសចោមចៅស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូហុងដា ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1JA-6458 មកពីក្រោយធ្វេីសកម្មភាពឆក់យកកាបូបដែលជនរងគ្រោះដាក់នៅខាងមុខបានសម្រេចហេីយព្យាយាមគេចខ្លួនឆ្ពោះទៅតា​មមហាវិថីសហព័ន្ធរុស្ស៊ី លុះពេលទៅដល់ចំណុចភូមិព្រៃទា២​ សង្កាត់ចោមចៅទី៣​ ជនសង្ស័យបានបើកម៉ូតូឆ្លងផ្លូវក៏ជ្រុលទៅបុកម៉ូតូហុងដាBeat មួយគ្រឿងរួចបន្តទៅបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតបណ្តាលឱ្យរងរបួសធ្ងន់២នាក់ ចំណែកជនសង្ស័យបានបោកក្បាលស្លាប់ភ្លាមៗ។ 

នៅក្នុងកាបូបជនរងគ្រោះបានទូរស័ព្ទមួយគ្រឿង លុយ៩ម៉ឺនរៀល​ ។ 

   ក្រោយកេីតហេតុជនរងគ្រោះដែលជនសង្ស័យជិះម៉ូតូបុកឱ្យរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកសម្ភារជនរងគ្រោះត្រូវបានប្រគល់ជូនជនរងគ្រោះវិញ។ ដោយឡែកសពជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តគោកចំបក់រង់ចាំស្វែងរកសាច់ញាតិ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖