ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រលប់ថ្ងៃចន្ទទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ កម្លាំងនគរបាលស្រុកចំនួន០២ គឺកម្លាំងស្រុករតនមណ្ឌល និងនគរបាលស្រុកបាណន់ បានសហការគ្នាចុះបង្រ្កាប និងឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនចំនួន០៣នាក់ យកមកអនុត្តតាមច្បាប់។
តាមមន្រ្តីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងទៀតថា ករណីទី១; លោកវរសេនីយ៍ឯក សន និល អធិការនគរ បាលស្រុករតនមណ្ឌល កាលពីយប់ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៣ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយ កម្លាំងផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង នៃអធិការដ្ឋានន គរបាលស្រុក បានបង្ក្រាបករណីរក្សាទុក្ខដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០១ករណី នៅចំណុចរង្វង់មូលផ្សារភ្ជាវ ស្ថិតក្នុងឃុំភ្ជាវ ឃុំត្រែងស្រុករតនមណ្ឌលខេត្តបាត់ដំបង ក្នុងបទល្មើសជាក់ស្ដែង។
ក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន០២នាក់ឈ្មោះច័ន្ទ ប៊ុនឃីម ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិភ្នំសំពៅកើតឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបងនិងឈ្មោះគឹម លេង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិតាពុក ឃុំទួលល្វា ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លា ចំនួន០៤ថង់ សង្ស័យមានសារធាតុញៀន។
-ទូរសព្ទដៃម៉ាក oppoចំនួន០២គ្រឿង។
-ម៉ូតូម៉ាក Lifan KPR150 ពណ៌ស(បាញ់ថ្នាំព៌ណខៀវ) គ្មានស្លាកលេខចំនួនមួយគ្រឿង។
-ប្រាក់រៀលចំនួន ២០ម៉ឺនរៀល។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និង ដោយមានការអនុញ្ញាតពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ ដំបងផងនោះ នៅថ្ងៃទី ២៤ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៩និង ៤០នាទី សមត្ថកិច្ចបានបន្តសហការជា មួយនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាណន់ដែលមានលោកវរសេនីយ៍ទោ សំ វីរះ ជាអធិការ ចុះប្រតិបត្តិការរហូតដល់បាននាំខ្លួនជនសង្ស័យចំនួន ០១ នាក់ទៀតឈ្មោះ ឆែម សុវ៉ាន់ ហៅត្រែត ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
-វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លា ចំនួន ០៤ថង់ សង្ស័យមានសារធាតុញៀន។
-ទូរសព្ទដៃម៉ាក Realme ពណ៌ខៀវចំនួន០១គ្រឿង។
-ប្រាក់រៀលចំនួន ២៣,០០០ រៀល។
បច្ចុប្បន្នកម្លាំងនគរបាលស្រុកទាំងពីរនេះ នៅថ្ងៃចន្ទទី២៥ ខែកញ្ញានេះ បានរៀបចំសំណុំរឿងបញ្ជូនទាំងមនុស្ស និងវត្ថុតាងមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ អរុណរះ