ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្ដពោធិ៍សាត់ ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ អធិការកិច្ច និងបង្រ្កាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាប

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ នៅព្រឹកថ្ងៃ​ទី២៦​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ដ កាលពីម្សិលមិញនេះ​ បានដឹកនាំកម្លាំងចម្រុះ មានលោកប្រធានមន្ទីរកសិកម្ម មេបញ្ជាការកងរាជអាវុធហត្ថខេត្ដពោធិ៍សាត់ ស្នងការរងនគរបាលខេត្ដពោធិ៍សាត់ លោកនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លោកនាយផ្នែកក្រគរ-រាំងទិល នាយរងផ្នែកក្រគរ-រាំងទិល លោកអភិបាលស្រុកក្រគរ-កណ្ដៀង បរិស្ថានស្រុកទាំង៣ កងរាជអាវុធហត្ថស្រុកក្រគរ-កណ្ដៀង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមេទឹក បានចុះត្រួតពិនិត្យស្ថានភាពការនេសាទក្នុង ភូមិសាស្ត្រស្រុកក្រគរ-កណ្ដៀង-បាកាន នៃខេត្ដពោធិ៍សាត់ ដោយមានកម្លាំងសរុបចំនួន៥០នាក់ ប្រើប្រាស់មធ្យោបាយកាណូតចំនួន០៩គ្រឿង។

លោកវរសេនីយ៍ឯក​ សៀន​ វិរៈ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការ កម្លាំងសមត្ថកិច្ចចម្រុះបានរុះរើនិងបំផ្លាញចោល៖ របាំងស្បៃមុង០៧ខ្សែ ប្រវែង ១៧៥០ម៉ែត្រ ,លូកងស្បៃមុងចំនួន០៨មាត់ ,បង្គោលចំនួន២៥០ដើម ,បានចាក់លែងកូនត្រី៤០គីឡូក្រាមចូលក្នុងទឹកទន្លេវិញ។

បន្ទាប់ពីបានចុះត្រួតពិនិត្យ និងអធិការកិច្ចរួចមក ឯកឧត្តមបានដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពតូចមួយនៅស្រុកបាកាន ដើម្បីផ្ដោតសំខាន់លើ៣ចំណុច៖ ១-គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកទាំង៣ ជាមួយមន្ទីរកសិកម្មបន្តអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានខ្លាំងក្លាជាងមុនបន្ថែមទៀត ឲ្យដូចភ្លៀងរលឹម។ ២-ឧបករណ៍ស្បៃមុងមិនអនុញ្ញាតជាដាច់ខាតនិងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យប្រើប្រាស់ឧបករណ៍ស្របច្បាប់វិញ(ក្រឡា៣ហ៊ុន)។ ៣-ជាចុងក្រោយឯកឧត្តមបានមានប្រសាសន៍ថាស្រុកណា ដែលមានបទល្មើសច្រើនគឺ ត្រូវប្រើប្រាស់មធ្យោបាយសរុបកម្លាំងសរុបដើម្បីបង្ក្រាបរួមគ្នាឲ្យមានប្រសិទ្ធភាព៕

ដោយ៖ អរុណរះ


ចែករំលែក៖