ភ្នំពេញ ៖ នៅក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ សម្ដេចធិបតី បានជួបប្រជុំទ្វេភាគីជាមួយឥស្សរជននិងថ្នាក់ដឹកនាំវិស័យឯកជនបរទេស ដោយទទួលបានលទ្ធផលជាផ្លែផ្កា ។
សូមបញ្ជាក់ថា : កិច្ចពិភាក្សារបស់សម្ដេចធិបតី ជាមួយអនុរដ្ឋមន្ត្រីការបរទេសស្ដីទីរបស់សហរដ្ឋអាមេរិក លោកស្រី វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) បានផ្តោតទៅលើកិច្ចសហប្រតិបត្តិការ ទ្វេភាគី រួមទាំងកម្មវិធីធ្វើមាតុភូមិនិវត្តន៍ប្រជាពលរដ្ឋកម្ពុជាពីសហរដ្ឋអាមេរិក។ យោង តាមប្រសាសន៍របស់លោកស្រី សហរដ្ឋអាមេរិកនឹងផ្ដល់ជូនប្រទេសកម្ពុជាឡើងវិញ នូវជំនួយក្នុងទំហំទឹកប្រាក់១៨លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ ជំនួយនេះត្រូវបានផ្អាក ក្រោយការបោះឆ្នោត កាលពីខែកក្កដា។
នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាមេរិកដែលមានថ្នាក់ដឹកនាំវិស័យឯកជនអាមេរិកប្រមាណ ៨០នាក់ចូលរួម សម្តេចធិបតី បានបង្ហាញនូវកាលានុវត្តភាព សក្ដានុពលសេដ្ឋកិច្ចរបស់ កម្ពុជា និងការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គូរ៉េស (Antonio
Guterres) បានកោតសរសើរគោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់ប្រទេស កម្ពុជា ជាពិសេស ការបន្សំគ្នារវាងយុទ្ធសាស្ត្របញ្ចកោណជាមួយនឹងគោលដៅអភិវឌ្ឍន៍ ដោយចីរភាព (SDGs)។ លោកអគ្គលេខាធិការ បានថ្លែងអំណរគុណចំពោះតួនាទី ដ៏សកម្មរបស់កម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងបាន បញ្ជាក់ជាថ្មីនូវការបន្តគាំទ្ររបស់អង្គការសហប្រជាជាតិចំពោះការអភិវឌ្ឍប្រកបដោយ ចីរភាពរបស់កម្ពុជា។ សម្ដេចធិបតី បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុង ការកសាងសង្គមមួយ ដែលផ្អែកលើនីតិរដ្ឋដោយអនុលោមតាមរដ្ឋធម្មនុញ្ញ។ ការយល់ព្រម របស់កម្ពុជាក្នុងការបន្តអាណត្តិអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា បង្ហាញនូវសុច្ឆន្ទៈនិងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹង និងលើកកម្ពស់សិទ្ធិមនុស្ស។
កិច្ចប្រជុំរបស់ សម្ដេចធិបតី ជាមួយលោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ផេនី វ៉ុង (Penny Wong បានកំណត់វិស័យសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ដោយរួមបញ្ចូលវិស័យអប់រំ ការបណ្តុះបណ្តាល ពាណិជ្ជកម្ម និងវិនិយោគ។ លោកស្រីរដ្ឋមន្ត្រី វ៉ុង បានបញ្ជាក់ជូន សម្តេចធិបតី នូវការ បន្តការគាំទ្រនិងកិច្ចសហការរបស់រដ្ឋាភិបាលអូស្ត្រាលី ចំពោះកម្ពុជា។
លោកប្រធានាធិបតីទីម័រខាងកើត José Ramos-Horta បានស្នើកម្ពុជាបន្តការចែក រំលែកបទពិសោធន៍ និងការគាំទ្រចំពោះប្រទេសទីម័រខាងកើត ដើម្បីក្លាយជាសមាជិកទី ១១ របស់អាស៊ាន។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើវិស័យទេសចរណ៍ កសិកម្ម និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។
ក្នុងជំនួបជាមួយលោករដ្ឋមន្ត្រីការបរទេសឥណ្ឌា Subrahmanyam Jaishankar សម្ដេចធិបតី បានសង្កត់ធ្ងន់លើផលប្រយោជន៍នៃការបញ្ចប់កិច្ចចរចាលើកិច្ចព្រមព្រៀង វិនិយោគរវាងប្រទេសកម្ពុជានិងប្រទេសឥណ្ឌា។ ភាគីទាំងពីរបានពិភាក្សាអំពីភាពជា ដៃគូ និងកិច្ចសហប្រតិបត្តិការសក្តានុពលក្នុងវិស័យសន្តិសុខ ការពារជាតិ ទេសចរណ៍ និងវប្បធម៌ ដោយផ្តោតលើគម្រោងអភិរក្សប្រកបដោយនវានុវត្តន៍ តាមរយៈទំនាក់ទំនង ប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ។
សម្តេចធិបតី បានជួបពិភាក្សាជាមួយ លោក Nick Lagunowich ប្រធានក្ដាប់រួម សកលទទួលបន្ទុកផ្នែកទីផ្សារកំពុងអភិវឌ្ឍនៃក្រុមហ៊ុន Pfizer ផងដែរ ដោយក្នុងជំនួប នេះ លោក Nick Lagunowich បានបង្ហាញពីបំណងរបស់ក្រុមហ៊ុនផលិតឱសថនេះ ក្នុងការចូលរួមពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈនៅកម្ពុជា។ សម្ដេចធិបតី បាន ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដោយបានលើកទឹកចិត្តឱ្យក្រុមហ៊ុន Pfizer – រិះរក មធ្យោបាយវិនិយោគនិងធុរកិច្ចនៅកម្ពុជា និងបន្តកិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធសំខាន់ៗ ជាពិសេសក្រសួងសុខាភិបាល៕
ដោយ ៖ សិលា