ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកម្ពុជាប្រមាណ ជាង២.៥០០នាក់ មកពីរដ្ឋនានានៅក្នុងសហរដ្ឋអាមេរិក និងកាណាដា ដោយបានផ្ដល់នូវ បច្ចុប្បន្នភាពគ្រប់ជ្រុងជ្រោយស្តីពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គម។ សម្ដេចធីបតី ក៏ បានចែករំលែកផងដែរនូវគោលនយោបាយគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ដែលមានដូចជា៖
កម្មវិធីគោលនយោបាយអាទិភាពទាំង ៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ ដែល រួមមាន៖
-(ក) ការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល ។
-(ខ) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។
– (គ) ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិ ជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។
– (ឃ) ការដាក់ ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព ចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គបានផ្លូវកម្ពុជា ផ្លូវការ។
– (ង) ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើក ស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ ។
– និង (ច) ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។
វិធានការគន្លឹះសម្រាប់ដោះស្រាយការប្រឈមនានា ដែលរួមមាន :
-(ក) ការពង្រឹងសមត្ថភាព រដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពប្រសិទ្ធភាព និងសមិទ្ធកម្ម របស់មន្ត្រីនិងស្ថាប័ន ។
-(ខ) ការលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹង គុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យ ដល់ មធ្យមសិក្សា ។
-(គ) ការលើកកម្ពស់គុណភាព សេវាសុខាភិបាល ដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅ មូលដ្ឋាន ។
-(ឃ) ការពង្រឹងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ។
-និង (ង) ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។
នៅទីបញ្ចប់ សម្តេចធិបតី បានគូសបញ្ជាក់អំពីទិដ្ឋភាពនយោបាយ ការទូត និងសេដ្ឋកិច្ចន សកម្មភាពទាំងឡាយរបស់សម្ដេចធីបតី ក្នុងអំឡុងពេលនៃការស្នាក់នៅទីក្រុងញូវយ៉ក។ សម្ដេចធិបតី បានបញ្ជាក់ជាថ្មីនូវការបន្តការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សាសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន។ សម្តេចធិបតី ក៏បានជួបប្រាស្រ័យទាក់ទងជាមួយ ថ្នាក់ដឹកនាំពិភពលោកផ្សេងៗទៀត និងបានជំរុញផ្សព្វផ្សាយអំពីប្រទេសកម្ពុជាថា ជាគោលដៅ សម្រាប់ការធ្វើវិនិយោគ និងធុរកិច្ច ៕
ដោយ ៖ សិលា