ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួង

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួង ព្រមទាំងថ្នាក់ការិយាល័យ ដើម្បីតាមដានវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

កិច្ចប្រជុំរៀបចំឡើងតាមប្រព័ន្ធ Hybrid ដែលមានការចូលរួមផ្ទាល់ដោយពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ និងលោក លោកស្រី ប្រធាន-អនុប្រធានអង្គភាពថ្នាក់កណ្តាល និងប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធអនឡាញ ជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំមន្រ្តីសុខាភិបាលគ្រប់រូប ត្រូវផ្តោតលើការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងសេវាគុណភាពព្យាបាល ទាំងមន្ទីរពេទ្យសាធារណៈ និងឯកជន ជូនប្រជាជន ប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីសម្រេចឱ្យបានជោគជ័យនូវគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។

ជាចុងក្រោយ  លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ស្នើឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវចុះពិនិត្យឱ្យដល់មូលដ្ឋាន ដោយសហការជាមួយក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ៕ ដោយ ៖ សហការី


ចែករំលែក៖