ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោក រស់ វរុណ រដ្ឋលេខាធិការទទួលបន្ទុក បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលការងារជាមួយមន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានសវនកម្មទី១ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុរដ្ឋលេខាធិការទទួលបន្ទុក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោកឧត្តមសេនីយ៍ឯក សាន ស៊ីណា ប្រធាននាយកដ្ឋានសវនកម្មទី១ បានគោរពរាយការណ៍ជូន ឯកឧត្តម រដ្ឋលេខាធិការទទួលបន្ទុក អំពីស្ថានភាពក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ចំណុះនាយកដ្ឋាន និងលទ្ធផលដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងទិសដៅការងារ របស់នាយកដ្ឋាននាថ្ងៃអនាគត។
ក្នុងឱកាសនោះដែរ លោក រស់ វរុណ រដ្ឋលេខាធិការទទួលបន្ទុក បានសម្ដែងនូវក្ដីសោមន្សរីករាយ ព្រមទាំងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំចំណុះនាយកដ្ឋានសវនកម្មផ្ទៃទី១ ដែលបានខិតខំប្រឹងប្រែងបំពេញការងារជូនអង្គភាព ដោយទទួលបានលទ្ធផលល្អនាពេលកន្លងមក ព្រមទាំងឆ្លៀតយកឱកាសនេះ ដើម្បីបានជួបគ្នា និងរួមសាមគ្គីក្នុងការបំពេញការងារក្នុងអង្គភាពឱ្យបានសម្រេច។
លោករដ្ឋលេខាធិការ បានបន្ថែមថា ដោយមានសេចក្តីទុកចិត្ត និងការទទួលភារកិច្ចពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យមកទទួលជួយលើការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង គឺក្នុងគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាព និងការអភិវឌ្ឍការងាររបស់អង្គភាព ដោយអនុលោមតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងមហាផ្ទៃ។
ជាទីបញ្ចប់ រដ្ឋលេខាធិការទទួលបន្ទុក បានមានក្ដីសង្ឃឹម និងជឿជាក់ថា ថ្នាក់ដឹកនាំ នៃនាយកដ្ឋានសវនកម្មទី១ នឹងបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានប្រគល់ជូន និងមានការសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ៕
ដោយ៖ សហការី