ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តការងារគណនេយ្យភាពសង្គម និងពិភាក្សាការងារផ្សេងៗ ជាមួយអ្នកពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ដោយមានការចូលរួមពីសំណាក់សមាជិក គ.គ.អ.ស តំណាងដៃគូរអភិវឌ្ឍន៍ ក្រុមការងារគណនេយ្យភាពសង្គមនៃលេខាធិការដ្ឋាន គ.ជ.អ.ប. និងអង្គការសង្គមស៊ីវិលនានា។
ជាកិច្ចចាប់ផ្តើម លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស បាន មានប្រសាសន៍ស្វាគមន៍ចំពោះ តំណាងនៃជាសមាជិក គ.គ.អ.ស តំណាងដៃគូរអភិវឌ្ឍន៍ ក្រុមការងារគណនេយ្យភាពសង្គម និងអង្គការសង្គមស៊ីវិលនានា ដែលបានអញ្ជើញចូលរួមនាថ្ងៃនេះ។ លោកមានប្រសាសន៍បន្តថា កិច្ចប្រជុំនាពេលនេះ ដើម្បីពិភាក្សាលើការងារពាក់ព័ន្ធទៅនឹងការអនុវត្តផែនការសកម្មភាពគណនេយ្យភាពសង្គម របស់រាជរដ្ឋាភិបាលអាណត្តិទី៧។
លោករដ្ឋលេខាធិការ មានប្រសាសន៍បញ្ជាក់បន្ថែមថា នៅពេលដែលមុខងារជាច្រើនបានប្រគល់ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ នោះដំណើរការគណនេយ្យភាពសង្គម នឹងក្លាយជាដំណើរការដ៏សំខាន់ ចាំបាច់ ដែលឆ្លុះបញ្ចាំងស្ថានភាពជាក់ស្តែង នៃការអនុវត្តមុខងារទាំងនោះទៅថ្ងៃអនាគត។ ក្នុងន័យនេះ អ្នករៀបចំគោលនយោបាយត្រូវពិចារណា គោលនយោបាយមួយដែលមានលក្ខណៈឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
នាឱកាសនោះដែរ លោក ជា សុផាណា តំណាងក្រុមការងារគណនេយ្យភាពសង្គមនៃលេខាធិការដ្ឋាន គ.ជ.អ.ប. បានធ្វើបទបង្ហាញសង្ខេបអំពីវឌ្ឍនភាព បញ្ហាប្រឈម ផែនការបន្ត នៃការអនុវត្តការងារគណនេយ្យភាពសង្គម។ លោកបានលើកឡើងអំពីការបំពេញការងាររបស់គណៈកម្មធិការ គ.គ.អ.ស. ការរៀបចំលិខិតណែនាំទៅរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធនឹងការពង្រីកតំបន់គោលដៅអនុវត្ត និងសេវា។ ទន្ទឹមនិងនេះ រដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួន បានធ្វើការវិភាជន៍ថវិការបស់ខ្លួន(ខេត្ត ឃុំសង្កាត់) ក្នុងការគាំទ្រដំណើរ ការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម។
ជាមួយគ្នានោះដែរ លោក ងី ច័ន្ទ្រផល បានអនុញ្ញាតឱ្យដៃគូរពាក់ព័ន្ធទាំងអស់ ធ្វើការជជែក ពិភាក្សា លើកឡើងនូវបញ្ហាប្រឈម ផែនការព្រមទាំងទិសដៅបន្ត ដែលជាធាតុចូលសំខាន់ដើម្បីចូលរួមចំណែកក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម នៅកម្ពុជាកាន់តែល្អប្រសើរ៕
ដោយ៖ សហការី