ភ្នំពេញ ៖ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញសារលិខិតក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា» ដោយសម្តេច ថ្លែងថា : ថ្ងៃនេះប្រជាជាតិកម្ពុជាមានសេចក្តីរីករាយដោយបានចូលរួមជាមួយប្រជាជាតិទូទាំងពិភពលោកប្រារព្ធពិធី អបអរសាទរ “ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣”។ ក្នុងនាម រាជរដ្ឋាភិបាល ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រជាមួយលោកតា លោកយាយ ព្រឹទ្ធាចារ្យ និងបងប្អូនជនរួមជាតិទាំងអស់ ព្រមទាំងប្រជាជាតិទូទាំងពិភពលោកក្នុងឱកាសន ទិវាមនុស្សចាស់ឆ្នាំនេះ ក្រោមប្រធានបទ “ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា ដែលជាទិវាមួយ សម្រាប់រំលឹកគុណដល់មនុស្សវ័យចាស់កម្ពុជាក៏ដូចជាមនុស្សវ័យចាស់នៅទូទាំងសកលលោក និងលើកកម្ពស់ មនសិការទទួលខុសត្រូវរបស់យើងក្នុងការចូលរួមកសាងសង្គមជាតិមួយដែលមានការយកចិត្តទុកដាក់កាន់ តែខ្ពស់ ចំពោះសុខុមាលភាពរបស់ប្រជាជនគ្រប់វ័យ ពិសេសចំពោះមនុស្សវ័យចាស់។ ជារៀងរាល់ឆ្នាំ ការប្រារព្ធ ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា គឺស្របទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។
ក្នុងឱកាសអបអរសាទរទិវាដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានកិត្តិយស សូមសម្ដែងនូវមនោសញ្ចេតនារីករាយថ្លែងនូវសារលិខិតជូនជនរួមជាតិជាទីស្នេហា អំពីឆន្ទៈ និងបុព្វហេតុក្នុង ការគោរពដឹងគុណមនុស្សវ័យចាស់ និងលើកកម្ពស់មនសិការរបស់បងប្អូនជនរួមជាតិយើងទាំងអស់ឱ្យចូលរួម កាន់តែសកម្មដើម្បីឱ្យកូនចៅជំនាន់ក្រោយៗទៀតមើលឃើញពីតម្លៃឥតគណនារបស់មនុស្សវ័យចាស់។ ជារួមប្រវត្តិសាស្ត្រនិងបទពិសោធន៍នៃសង្គមនីមួយៗបានបង្ហាញឱ្យឃើញថា ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌នៃប្រជាជាតិមួយអាចប្រព្រឹត្តទៅបានប្រកបដោយចីរភាពនិងសមធម៌ ទាមទារឱ្យមានការអភិវឌ្ឍផ្នែក អប់រំសីលធម៌ គុណធម៌ និងវប្បធម៌អហិង្សា។ ផ្ទុយទៅវិញ ក្នុងសង្គមជាតិមួយដែលមានគុណធម៌ និងសីលធម៌ ធ្លាក់ចុះ សង្គមជាតិនោះនឹងត្រូវទទួលរងនូវវិបត្តិនិងមហន្តរាយ។ ព្រះរាជាណាចក្រកម្ពុជាយើងមានប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ កេរមរតកសម្បត្តិវប្បធម៌ដែលសម្បូរបែបនិងសមិទ្ធផលទាំងឡាយ ហើយត្រូវបានរក្សា គង់វង្សរហូតមកដល់សព្វថ្ងៃនេះ។ មរតកទាំងអស់នេះកើតចេញពីស្នាដៃ គុណូបការៈ និងការអប់រំប្រៀនប្រដៅ ប្រកបដោយគតិបណ្ឌិតនៃបុព្វបុរសនិងចាស់ព្រឹទ្ធាចារ្យរបស់យើង ដែលអាចជាក្សត្រ ប្រជាជន មន្ត្រីរាជការ យុទ្ធជន បព្វជិត គ្រហស្ថ អ្នកអក្សរសាស្ត្រ ភាសាវិទូ សេដ្ឋវិទូ អ្នកស្រាវជ្រាវ សិល្បករ អ្នកច្បាប់ និងអ្នកវិទ្យាសាស្ត្រជាដើម។
ពិតណាស់ថា ក្នុងការប្រតិបត្តិក្នុងសង្គមយើង ប្រជាជនមិនត្រឹមតែមានទម្លាប់គោរពព្រឹទ្ធាចារ្យប៉ុណ្ណោះទ ប៉ុន្ដែថែមទាំងធ្វើឱ្យការគោរពនិងការដឹងគុណមនុស្សចាស់ ក្លាយទៅជាគោលនៃគុណធម៌ដែលបង្កើតបានជា វប្បធម៌និងជាប្រពៃណីដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ ក្នុងការបន្តបុព្វហេតុការពារ និងកសាងប្រទេសជាតិ របស់ខ្លួនទៀតផង។ ជាងនេះទៅទៀត ព្រឹទ្ធឱវាទនិងដំបូន្មានចាស់ទុំគឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុង ការអប់រំសីលធម៌និងចរិយាធម៌របស់សង្គមជាតិយើង។ ក្នុងន័យនេះ ដើម្បីសម្តែងនូវការដឹងគុណចំពោះ គុណូបការៈដ៏ថ្លៃថ្លារបស់មនុស្សវ័យចាស់ដែលបានបន្សល់ទុកនូវសមិទ្ធផលនិងមរតកជាច្រើននោះ រាជរដ្ឋាភិបាល បានកសាងលិខិតបទដ្ឋានគតិយុត្តនិងគោលនយោបាយជាតិជាបន្តបន្ទាប់ ចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មក សំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យបានល្អប្រសើរឡើង ក្នុងនោះមានជាអាទិ៍ ការផ្តល់ជូននូវរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត ការបង្កើតមូលនិធិជនពិការ មូលនិធិជំនួយសង្គម។ ក្នុងនោះដែរ រាជរដ្ឋាភិបាលក៏បានអនុវត្តគោលនយោបាយ ស្តីពីសុវត្ថិភាពសង្គមសម្រាប់កងកម្លាំងប្រដាប់អាវុធនិងនគរបាលត្រៀមចូលនិវត្តន៍។ រាជរដ្ឋាភិបាលក៏បាន បង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលជាយន្តការសម្រាប់អនុវត្តគោលនយោបាយជាតិស្ដីពី មនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ និងមានគម្រោងកម្មវិធីគាំទ្រផ្សេងៗសម្រាប់ជួយលើកកម្ពស់សុខុមាលភាព មនុស្សវ័យចាស់នៅកម្ពុជា ហើយរាជរដ្ឋាភិបាលក៏បានអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ និងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ផងដែរ។
នៅក្នុងគ្រប់កម្មវិធីនយោបាយ រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដល់ការយកចិត្តទុកដាក់លើការងារមនុស្ស វ័យចាស់ជាអាទិភាពមួយក្នុងចំណោមគោលនយោបាយអាទិភាពនានា។ ជាក់ស្ដែង រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះ ការអភិវឌ្ឍវិស័យ សង្គមកិច្ចជាអាទិភាពសំខាន់មួយៗនៅក្នុងបញ្ចកោណទី១
“ការអភិវឌ្ឍមូលធនមនុស្ស និងក្នុងមុំទី៤ “ការ ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង” ដែលមានគោលដៅជាយុទ្ធសាស្ត្រ គឺការកសាង និងការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខ សង្គម និងការពង្រឹងប្រព័ន្ធស្បៀងដែលផ្ដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។ ការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឈរលើស្មារតី “មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់” ហើយការពង្រីកវិសាលភាព នៃប្រព័ន្ធគាំពារសង្គមឈរលើអភិក្រមចំនួន ៤ គឺ៖ ១)ចីរភាពនៃកម្មវិធី ២)លទ្ធភាពអាចទ្រទ្រង់បាននៃថវិកា ជាតិ ៣)ការធានាបរិយាបន្ន និងសមធម៌សង្គម ដោយផ្តោតលើកិច្ចអន្តរាគមន៍របស់រដ្ឋលើគ្រួសារក្រីក្រ ងាយ រងគ្រោះ និងងាយរងហានិភ័យ និង៤)ភាពអាចពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមតាមរយៈការអភិវឌ្ឍ ជាប្រព័ន្ធ។
សូមអានខ្លឹមសារ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញសារលិខិតក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា» ទាំងស្រុងដូចខាងក្រោម ៕
ដោយ ៖ សិលា