ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបញ្ចូលប្រទេសរបស់ខ្លួនជាមហាអំណាចបរមាណូទៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣បានផ្សាយថា សភាកូរ៉េខាងជើងបានបញ្ចូលឋានៈប្រទេសរបស់ខ្លួនជាមហាអំណាចអាវុធនុយក្លេអ៊ែរទៅក្នុងច្បាប់រដ្ឋធម្មនុញ្ញជាផ្លូវការហើយ ខណៈដែលលោក គីម ជុងអ៊ុន សន្យាថានឹងបង្កើនការផលិតអាវុធនុយក្លេអ៊ែរ ដើម្បីទប់ស្កាត់នូវអី្វដែលលោកហៅថាជាការបង្ករឿងពីសហរដ្ឋអាមេរិក។
តាមការឱ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បាននិយាយថាគោលនយោបាយកសាងកងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើងត្រូវបានបញ្ចូលជាអចិន្រ្តៃយ៍ជាមូលដ្ឋានច្បាប់របស់រដ្ឋ ដែលគ្មាននរណាម្នាក់អាចល្មើសឬបំពានបានឡើយ។ លោក គីម បានធ្វើការកត់សម្គាល់បែបនេះនៅឯកិច្ចប្រជុំនៃសភាប្រជាជនជាន់ខ្ពស់កាលពីថ្ងៃអង្គារ និងថ្ងៃពុធសប្ដាហ៍នេះ។ លោក គីម ក៏បានបរិហារសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនផងដែរថា បានបង្កើតសម្ព័ន្ធភាពយោធាត្រីភាគី ហើយជាលទ្ធផលចុងក្រោយអ្វីដែលបានលេចចេញជារូបរាងនោះគឺអង្គការ NATO ក្នុងតំបន់អាស៊ី។
កូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដអាវុធ ជាពិសេសគឺមីស៊ីលជាច្រើនលើកក្នុងឆ្នាំ២០២៣នេះ ស្របពេលទំនាក់ទំនងជាមួយកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកកំពុងតានតឹងខ្លាំង ចំពោះមុខការព្រួយបារម្ភថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរសាជាថ្មី និងជាលើកដំបូងបំផុតគិតចាប់តាំង ពីឆ្នាំ២០១៧មក។ កូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ចំនួន ៦លើករួចមកហើយ រាប់តាំងពីឆ្នាំ២០០៦ ហើយកាលពីឆ្នាំ២០២២កន្លងទៅ សភាកូរ៉េខាងជើងបានអនុម័តនូវច្បាប់មួយប្រកាសទទួលស្គាល់ដោយខ្លួនឯងថា កូរ៉េខាងជើងជារដ្ឋមានអាវុធនុយក្លេអ៊ែរដែលលោក គីម និយាយថា ឋានៈនេះនឹងមិនអាចមានអ្វីមកប្រកែកបានឡើយ។
មិនតែប៉ុណ្ណោះ ច្បាប់ថ្មីនេះថែមបានអនុញ្ញាតទៀតផងឱ្យកូរ៉េខាងជើង បើកការវាយប្រហារបង្ការជាមួយដោយប្រើអាវុធនុយក្លេអ៊ែរនៅក្នុងករណីចាំបាច់៕ ដោយ៖ធីរីណា

រូប​ថត​៖ quochoitv.vn


ចែករំលែក៖