ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំនៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា លោកសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងឯកសារពាក់ព័ន្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្ដីការថ្មីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋាន ក្រោមចំណុះក្រសួងមហផ្ទៃ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតកាលពីព្រឹកមិញនេះ នៅឯទីស្ដីការក្រសួងមហាផ្ទៃ។
នាឱកាសនោះ លោកសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា មានប្រសាសន៍ណែនាំដល់អង្គប្រជុំទាំងមូលត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ក្នុងការរៀបចំពិធីសម្ពោធអគារទីស្ដីការថ្មីនេះ ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធីទាំងមូលប្រារព្ធធ្វើឡើងដោយអធិកអធម និងសាកសមទៅនឹងអគារថ្មីដ៏ធំស្កឹមស្កៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។ លោកសន្ដិបណ្ឌិត បន្ដថា ក្នុងឱកាសពិធីសម្ពោធអគារទីស្ដីការថ្មីក្រសួងមហាផ្ទៃ ក៏ត្រូវរៀបចំជាវិដេអូសម្រាប់ទស្សនា និងធ្វើជាសៀវភៅអំពីដំណើរការនៃការសាងសង់អគារទីស្ដីការថ្មីនេះសម្រាប់ចែកជូនដល់គណៈអធិបតី និងភ្ញៀវទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធនេះផងដែរ។
លោកសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា បន្ថែមទៀតថា ចំពោះសមាសភាពចូលរួមក្នុងពិធីសម្ពោធនេះដែរ នឹងមានការអញ្ជើញពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា, លោក-លោកស្រី ជារដ្ឋមន្ដ្រី តាមបណ្ដាក្រសួង-ស្ថាប័នទាំងអស់, អគ្គស្នងការដ្ឋាននគរបាលជាតិ, ប្រធានក្រុមប្រឹក្សា-អភិបាលរាជធានី-ខេត្ត, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត, និងអង្គទូតនានាប្រចាំប្រទេសកម្ពុជាផងដែរ។
សូមជម្រាបជូនថា អគារស្ថាប័នរដ្ឋដ៏ធំស្កឹមស្កៃមួយនេះ ត្រូវបានសាងសង់ឡើងនៅលើទីតាំងចាស់តាមបណ្ដោយមហាវិថីព្រះនរោត្តមក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយអគារនេះត្រូវបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ និងខ្យល់ធម្មជាតិ ប្រកបដោយផាសុខភាពស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើប៕
ដោយ ៖ សហការី