ខេត្តពោធិ៍សាត់ ៖ ទឹកស្ទឹងពោធិ៍សាត់ បាននិងកំពុងជន់ជោរវាយលុកក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង ។ នៅត្រើយខាងលិចស្ទឹង ទឹកហូរច្រោះកាត់ បានដាច់ផ្លូវមួយចំនួន ។ ខណៈនេះ លោក កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ កំពុងដឹកនាំមន្រ្តីនិងកំលាំងប្រដាប់អាវុធ ចុះអន្តរាគមន៍យ៉ាងសស្រាក់សស្រាំតាំងពីទៀបភ្លឺមកម៉្លេះ។
គ្រោះធម្មជាតិនេះ បានកើតឡើងតាំងពីទៀបភ្លឺយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ គឺបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងឥតស្រាកស្រាន្តពីតំបន់ជួរភ្នំក្រវាញ ក្នុងស្រុកវាលវែងកាលពីថ្ងៃទី២៧និង២៨ ខែកញ្ញា ឆ្នាំ២០២៣។ តាមប្រសាសន៍ លោកអភិបាលខេត្ត បានឱ្យដឹងថា «ទោះជាយ៉ាងនេះក៏ដោយ យើងរំពឹងថា នៅរសៀលថ្ងៃនេះ ទឹកនឹងអាចស្រកចុះទៅវិញ បើសិនជាពុំមានភ្លៀងខ្លាំងនៅក្នុងស្រុកវាលវែងបន្តទៀតទេ»។
នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ អង្គភាព មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានបញ្ជាក់អំពីស្ថានភាពទឹកសម្រាប់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ២ រសៀល
១.កំពស់ទឹកសឹ្ទង,ទន្លេ
-សឹ្ទងពោធិ៍សាត់ៈ 5.62 ម (កំ.ប្រយ័តៈ 5.00ម)
ទឹកបានឡើង(+0.09ម)
-សឹ្ទងក្រវាញៈ 6.00 ម(-0.33m) បានស្រក 0.33ម
-សឹ្ទងវាលវែងៈ 2.00 ម
-ទន្លេកំ.លួងៈ 5.99 ម
២.សូមបញ្ជាក់ៈ
ស្ថានភាពទឹកហក់ឡើងនៅក្រុងពោធិសាត់និងនៅស្រុកកណ្តៀង និងដាច់ផ្លូវ១កន្លែងនៅឃុំវាលផ្នែកខាងឆ្វេងខាងក្រោមក្រុងពោធិសាត់។
ទឹកកំពុងបែកវាលលើឃុំសង្កាត់ចំនួន៧។
ស្ថានភាពទឹកនឹងស្រកវិញក្នុងរយៈពេល១យប់ទៀត បើគ្មានភ្លៀងបន្តធ្លាក់នៅផ្នែកខាងលើគឺ ស្រុកវាលវែង និស្រុកភ្នំក្រវាញ៕
ដោយ ៖ សិលា