ការឧបត្ថម្ភធនសម្រាប់ថាមពលបៃតងនិងទាក់ទាញអាជីវកម្មឱ្យត្រលប់ទៅសហរដ្ឋអាមេរិកវិញ ក៏ជួយជំរុញតម្រូវការបច្ចុប្បន្ននៃថាមពលលេខ ១ របស់ពិភពលោកផងដែរ។
យោងតាមបណ្តាញព័ត៌មាន marketwatch.com នៅថ្ងៃទី 27 ខែកញ្ញាបានផ្សាយថា ការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនដោយសារតែជម្លោះជាមួយប្រទេសរុស្ស៊ីបានផ្តល់នូវការជំរុញដល់វិស័យឧស្សាហកម្មដែលកំពុងជួបការលំបាកនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក។
ប្រភពខាងលើបានដកស្រង់ទិន្នន័យវិភាគពី Haver Analytics ដែលជាវេទិកាស្រាវជ្រាវនិងប្រឹក្សាសេដ្ឋកិច្ចពិភពលោកដែលបង្ហាញថា ក្នុងឆ្នាំមុន ការចំណាយរបស់រដ្ឋាភិបាលអាមេរិកលើផ្នែករឹងទាក់ទងនឹងវិស័យការពារជាតិ ដូចជាយន្តហោះ រថក្រោះ ឡានដឹកទំនិញ និងមីស៊ីលបានកើនឡើង 15%។
ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ 2022 សហរដ្ឋអាមេរិកបានផ្តល់ជំនួយរាប់សិបពាន់លានដុល្លារដល់អ៊ុយក្រែន និងបានផ្តល់អាវុធនិងគ្រាប់រំសេវជាច្រើនដល់ប្រទេសនេះ។
ជាលទ្ធផល ឃ្លាំងស្តុករបស់យោធាអាមេរិកត្រូវបានអស់មួយផ្នែក។ រដ្ឋាភិបាលអាមេរិកបានផ្លាស់ប្តូរដើម្បីបន្ថែមចំនួនសព្វាវុធដែលបានបញ្ជូនទៅប្រទេសអ៊ុយក្រែនក៏ដូចជាការបង្កើនជំនួយយោធា។
ថ្មីៗនេះ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានផ្តល់រថក្រោះ Abrams ចំនួន ៣១គ្រឿងដល់អ៊ុយក្រែន ហើយប្រទេសនេះកំពុងរៀបចំទទួលយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិកនិងជាកម្មសិទ្ធិរបស់សម្ព័ន្ធមិត្តអឺរ៉ុប។
ការកើនឡើងនៃការចំណាយរបស់មន្ទីរបញ្ចកោណបានធ្វើឱ្យអ្នកផលិតបង្កើតការងារ។ នៅក្នុងខែសីហា ការបញ្ជាទិញរបស់រដ្ឋាភិបាលសម្រាប់ទំនិញទាក់ទងនឹងវិស័យការពារជាតិបានកើនឡើង 19% ដែលភាគច្រើនទាក់ទងនឹងយន្តហោះ។
ការបញ្ជាទិញយោធាទាំងនេះ ភាគច្រើនត្រូវបានប្រគល់ជូនអ្នកម៉ៅការការពារជាតិសំខាន់ៗរបស់សហរដ្ឋអាមេរិកដូចជា Boeing, Northrup Grumman, Raytheon និង Lockheed Martin ។
វាមិនមែនគ្រាន់តែជាការចំណាយផ្នែកយោធាប៉ុណ្ណោះទេ ដែលជំរុញអ្នកផលិត។ ការឧបត្ថម្ភធនដ៏ធំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់ថាមពលបៃតង និង “ការស្តារឡើងវិញ” – ទាក់ទាញអាជីវកម្មឱ្យត្រលប់ទៅសហរដ្ឋអាមេរិកវិញ – ក៏បានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេផងដែរ។
បើគ្មានការចំណាយរបស់រដ្ឋាភិបាល អ្នកផលិតអាមេរិកនឹងរងគ្រោះបន្ថែមទៀត។ ការបញ្ជាទិញបានធ្លាក់ចុះដោយសារតែសេដ្ឋកិច្ចចុះខ្សោយ អត្រាការប្រាក់ខ្ពស់ និងការផ្លាស់ប្តូរទម្លាប់ចំណាយរបស់អតិថិជន។ ដោយមិនរាប់បញ្ចូលវិស័យការពារជាតិ ចំនួននៃការបញ្ជាទិញថ្មីបានថយចុះក្នុងរយៈពេល 12 ខែកន្លងមកនេះ៕ ដោយ៖ ធីរីណា
រូបថត៖ marketwatch.com