ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឱ្យដឹងនៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំ០២គ្រឿង និងរថយន្តតូច០១គ្រឿង និងម៉ូតូ០១គ្រឿង ទិសដៅបញ្ច្រាសគ្នា លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ(១៥០-១៥១)ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល បណ្ដាលឲ្យស្លាប់មនុស្សចំនួន ០២នាក់(ស្រី) ស្លាប់នៅនឹងកន្លែងកើតហេតុ។
របាយការណ៍ដដែលបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ រួមមាន៖ ទី១/រថយន្តបង្ក ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ(ភ្នំពេញ 2H-0930) អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន។
ទី២/ រថយន្តធំម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ប្រផេះ ពាក់ស្លាកលេខAT22 3-2009 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន។
ទី៣/រថយន្តធំ ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-7073 បើកបរដោយឈ្មោះសាញ់ ស៊ីឡន ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានបច្ចុប្បន្នភូមិអន្ទុងក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (គ្មានរបួស)។
និងទី៤/ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាក់លេខ ព្រះសីហនុ1F-9974 បើកបរដោយឈ្មោះ ឈិន សឿន ភេទស្រី អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរនិងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ សូ សាម៉ន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរអ្នកទាំងពីរមានទីលំនៅ.ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុស្លាប់ទាំង០២នាក់។
កម្លាំងសមត្ថកិច្ចនគរបាលជំនាញ បានបញ្ជាក់ថា មូលហេតុ អ្នកបើកបររថយន្តម៉ាក សាំយ៉ុង បើកបរមិនប្រកាន់ស្ដាំ បានចូលចំណែកផ្លូវនៃរថយន្តធំម៉ាក់ហ៊ីយ៉ាន់ដាយស្លាកលេខAT22. 3-2009 បុកចំពីចំហៀងខាងឆ្វេងពេញទំហឹង។ ចំណែករថយន្តធំម៉ាកហ៊ីយ៉ាន់ដាយ ស្លាកលេខAT22. 3-2009 បានរេចង្កូតទៅបុករថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត បណ្ដាលអោយអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរស្លាប់នឹងកន្លែងកើតហេតុ។
ក្រោយកេីតហេតុសាកសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានកម្លាំងជំនាញចរាចរណ៍ប្រគល់ទៅឱ្យបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្ន រថយន្តធំ០២គ្រឿង ,រថយនតូច០១គ្រឿង និងម៉ូតូ០១គ្រឿង ត្រូវបាននគរបាលផ្នែកជំនាញ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីធ្វើការតាមនីតិវិធីបន្ត៕
ដោយ៖ អរុណរះ