មេដឹកនាំកូរ៉េខាងជើងបញ្ជាក់ថា ទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី និងចិនគឺជាបន្ទាយរឹងមាំប្រឆាំងនឹងរបបផ្តាច់ការរបស់សហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសារទូរលេខទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងឱកាសខួបលើកទី ៧៤ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅចំពោះប្រធានាធិបតី Xi Jinping រដ្ឋាភិបាល និងប្រជាជនចិន។
លោក គីម ជុងអ៊ុន បានអះអាងថា ប្រទេសទាំងពីរ “តែងតែគាំទ្រ និងជួយគ្នាទៅវិញទៅមក ក្នុងដំណើរការការពារ និងលើកកំពស់សង្គមនិយមយូរអង្វែង” បក្ស រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងជើង សប្បាយរីករាយជាមួយនឹងរាល់សមិទ្ធិផលដែលសម្រេចបានដោយ បក្ស រដ្ឋាភិបាល និងប្រជាជនចិន។
លោកក៏បានបញ្ជាក់ផងដែរថា ទីក្រុងព្យុងយ៉ាងមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបង្រួបបង្រួម និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងកូរ៉េខាងជើង និងចិន ដែលបានឈានចូលដល់សម័យកាលប្រវត្តិសាស្ត្រថ្មី ស្របតាមការចង់បាន និងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ ខណៈ រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។
នៅក្នុងសកម្មភាពដែលពាក់ព័ន្ធនោះ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក អ៊ីម ឆុនអ៊ីល បានប្រកាសថា ទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ីគឺដូចជា “បន្ទាយដ៏មានអំណាច” ដើម្បីការពារសន្តិភាព និងទប់ស្កាត់ការគំរាមកំហែងដោយកម្លាំងយោធារបស់ “ចក្រពត្តិនិយម”៕
ដោយ៖ ធីរីណា(រូបថត៖ GD&TĐ)