ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃផ្ទះជួលដល់កម្មករនិយោជិត។ សម្តេចធិបតីអំពាវនាវបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ០៩៩នាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។
សម្តេចធិបតិ ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា៖ «ទីមួយខ្ញុំបានចេញសារអំពាវនាវឲ្យម្ចាស់ផ្ទះជួល ជួយធ្វើម៉េច ជួយថែរក្សាអាហ្នឹង យោគយល់គ្នា ខ្ញុំដឹងម្ចាស់ផ្ទះជួលក៏លំបាក ប៉ុន្តែបើគិតកម្មករកម្មការិនី ប្រហែលជាគាត់អាចលំបាកជាង បងប្អូនខ្លះម្ចាស់ផ្ទះជួលថា ខ្ញុំត្រូវបង់ធនាគារ តែយោគយល់ខ្លះ»។
ជាមួយគ្នានេះនាយករដ្ឋមន្ត្រីបានជំរុញឱ្យរដ្ឋាករទឹក និងអគ្គិសនីកម្ពុជា តភ្ជាប់បណ្តោញភ្លើង និងទឹកស្អាតឱ្យបានគ្រប់ទីកន្លែងដើម្បីផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋជាម្ចាស់ផ្ទះជួលផង និងកម្មករនិយោជិតផង។
សម្តេចនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលបន្តដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ខណៈប្រទេសប្រកួតប្រជែងមួយចំនួនដូចជាប្រទេសភូមា ឥណ្ឌា ស្រីសង្កា ជាដើមមិនបានដំឡើងប្រាក់ឈ្នួលដល់កម្មករនោះទេ។
សម្តេចធិបតីបន្ថែមថា សឹងតែគ្រប់ប្រទេសប្រកួតប្រជែងទាំងអស់គឺសុទ្ធតែដំឡើងថ្លៃភ្លើង ហើយឆ្នាំនេះទៀតសោតប្រទេសវៀតណាម ថៃ និងសាំងកាពួរ បានប្រកាសថានឹងដំឡើងថ្លៃភ្លើង ខណៈកម្ពុជាប៉ុន្មានឆ្នាំនេះមិនបានដំឡើងតម្លៃភ្លើងឡើយ ដោយរដ្ឋសុខចិត្តខាតថ្លៃភ្លើងដើម្បីថែរក្សជីវភាពរបស់ប្រជាពលរដ្ឋ។
គូសបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ឡើងបាន ៤ដុល្លារ ពី២០០ដុល្លារ ទៅ ២០៤ដុល្លារក្នុងមួយខែ ពោលដំឡើង ២ដុល្លារពីនិយោជក និង ២ដុល្លារទៀតពីរាជរដ្ឋាភិបាល។ ប្រាក់ឈ្នួលនេះនឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ តទៅ។
សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បានពន្យល់អំពីអត្ថន័យនៃការដំឡើងប្រាក់ឈ្នួល ៤ដុល្លារ ដល់កម្មករក្នុងឆ្នាំ២០២៤ ថាជាការដំឡើងក្នុងស្ថានភាពដែលពិភពលោកកំពុងតែលំបាកនិងគួរតែអបអរសាទរ។
សម្តេចធិបតីថា : ការដំឡើងនេះគឺដើម្បីចែកគ្នារស់ទាំងនិយោជកនិងនិយោជិត ដោយថាដើម្បីរក្សានូវលំនឹងនូវការវិនិយោគក៏ដូចជាទាក់ទាញនូវការវិនិយោគបន្ថែម។ ការដំឡើងច្រើនពេកនឹងធ្វើឲ្យកម្ពុជាបាត់បង់ការប្រកួតប្រជែងខណៈដែលប្រទេសដែលប្រកួតប្រជែងទីផ្សារជាមួយកម្ពុជាប្រាក់ខែរបស់កម្មកររបស់ពួកគេគឺនៅទាបនៅឡើយ។
សម្ដេចថា៖ «នេះគឺជាស្មារតីដែលយើងត្រូវរួមគ្នារស់តិចច្រើនយើងចែកគ្នារស់។ ថែរក្សាឆ្នាំងបាយបង្កើនអង្ករក្នុងឆ្នាំងនិងរកឱកាសដើម្បីពង្រីកបន្ថែមទៀតដើម្បីឲ្យមានការបើករោងចក្របន្ថែមទៀតដើម្បីបងប្អូនយើងមានការងារធ្វើ»។
សម្ដេចបានអរគុណដល់និយោជិត និងកម្មករដែលបានចូលរួមក្នុងការដំឡើងប្រាក់ខែនេះ។
គួរឲ្យដឹងផងដែរថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ ឡើងបាន ៤ដុល្លារ ពី ២០០ដុល្លារ ទៅ ២០៤ដុល្លារក្នុងមួយខែ។ ប្រាក់ឈ្នួលនេះនឹងអនុវត្តនៅដើមឆ្នាំ២០២៤។ នេះបើតាមលទ្ធផលកិច្ចប្រជុំសម្រេចចុងក្រោយរវាងភាគីសហជីព និយោជក និងតំណាងរាជរដ្ឋាភិបាលកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣៕
ដោយ ៖ សិលា