ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជដ្ឋាភិបាលអាណត្តិទី៧ នឹងមិនមានការបង្កើតពន្ធថ្មីណាមួយបន្ថែមទៀតចំពោះប្រជាពលរដ្ឋឡើយ !

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គោលការណ៍ដោះស្រាយរួមសម្រាប់បញ្ហាពន្ធដារ នឹងប្រកាសនៅខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្ដែអ្វីដែលសម្ដេចធិបតី បញ្ជាក់ជូនប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលអាណត្តិទី៧ នឹងមិនមានការបង្កើតពន្ធថ្មីណាមួយបន្ថែមទៀត ចំពោះប្រជាពលរដ្ឋនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួនជិត២ម៉ឺននាក់មកពីរោងចក្រ សហគ្រាស ចំនួន២២ ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រៅពីមិនបង្កើតពន្ធថ្មីចំពោះប្រជាពលរដ្ឋ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក៏មិនមានការដំឡើងអត្រាពន្ធ លើពន្ធដែលមានស្រាប់នោះដែរ ដែលប្រការនេះ កន្លងមកមានបុគ្គលខ្លះ យករឿងពន្ធចាស់មកនិយាយ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បន្តបេ្តជ្ញាចិត្តខ្ពស់បន្តអនុវត្តន៍គោលនយោបាយជួយប្រជាពលរដ្ឋដូចជា ការមិនយកពន្ធលើដីកសិកម្ម ជាលក្ខណៈគ្រួសារ មិនយកពន្ធលើសម្ភារកសិកម្ម និងមិនយកពន្ធលើកសិផលជាដើម។ល។ 

ដោយឡែក បញ្ហាភ្លើង សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «រឿងភ្លើងនេះ ប៉ុន្មានឆ្នាំមកនេះ គ្រប់ប្រទេសទាំងអស់ដំឡើងថ្លៃ វៀតណាមក៏ឡើង ថៃក៏ឡើង សិង្ហបុរីប៉ុន្មានថ្ងៃមុនក៏ប្រកាសថានឹងឡើងថ្លៃភ្លើង ប៉ុន្តែកម្ពុជាយើង ថ្លៃភ្លើងយើងអត់ដំឡើងទេ សូម្បីតែអគ្គិសនីកម្ពុជាខាតលុយមួយខែៗ រាប់លានដុល្លារ សុខចិត្តរដ្ឋខាត ដើម្បីថែរក្សាជីវភាពប្រជាពលដ្ឋ»។

បន្ថែមពីលើការមិនដំឡើងថ្លៃអគ្គិសនីហើយនោះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ចុះតម្លៃអគ្គិសនីដល់វិស័យឧស្សាហកម្ម និងកសិកម្មផងដែរ ដែលសហគ្រាសប្រមាណ ២ម៉ឺនសហគ្រាស ទទួលបានផលពីការបញ្ចុះតម្លៃនេះ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងអគ្គិសនីកម្ពុជា បន្តការងារចុះភ្ជាប់បណ្តាញទឹក និងអគ្គិសនីដល់បងប្អូនកម្មករ កម្មការិនី ដើម្បីឱ្យពួកគាត់ទទួលបានការប្រើប្រាស់ទឹក ភ្លើង ស្របតាមកម្មវិធីដែលរាជរដ្ឋាភិបាលបានដាក់ចេញ ធ្វើយ៉ាងណាកាត់បន្ថយការចំណាយរបស់ពួកគាត់ ស្របពេលដែលប្រាក់ខែត្រូវបានដំឡើង។

សូមជម្រាបថា ដោយសារបញ្ហារាតត្បាតជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន បានធ្វើឱ្យវត្ថុធាតុដើម ដើម្បីផលិតថាមពលអគ្គិសនី និងការនាំចូលអគ្គិសនីពីប្រទេសជិតខាង មានការកើនឡើងជាបន្តបន្ទាប់។ សម្រាប់ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានចេញថ្លៃខាតលើអគ្គិសនីជិត ២០០លានដុល្លារអាមេរិក។

បច្ចុប្បន្ននេះ កម្ពុជាមានលទ្ធភាពផលិតថាមពល នៅក្នុងស្រុកបាន ៣៤៦៤ មេហ្កាវ៉ាត់ ដែលផលិតចេញពីថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនី ជីវម៉ាស ធ្យូងថ្ម និងប្រេង ហើយតម្រូវការប្រើប្រាស់អគ្គិសនីខ្ពស់បំផុតបច្ចុប្បន្ននេះ ត្រឹមតែប្រមាណ ២៤០០មេហ្កាវ៉ាត់ប៉ុណ្ណោះ។ មានន័យថា កម្ពុជាមានសមត្ថភាពផលិតថាមពលបានច្រើនលើសពីតម្រូវការប្រើប្រាស់ ដូច្នេះយើងពុំមានបញ្ហាខ្វះអគ្គិសនីនោះទេ៕

ដោយ ៖ សិលា


ចែករំលែក៖