ព័ត៌មានទាន់ហេតុការណ៍៖

សម្រង់ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ-សហគ្រាសជិតពីរម៉ឺននាក់ មកពីរោងចក្រ-សហគ្រាសចំនួន ២២ នៅក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ម្ចាស់ទីតាំង, និងក្រុមហ៊ុន-សហគ្រាសទាំងអស់ ដែលបានជួយរៀបចំ និងសហការបានល្អប្រសើរសម្រាប់ពិធីសំណេះសំណាលនេះ ដែលសបញ្ជាក់អំពីទឹកចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុកដាក់ចំពោះកម្មករ និយោជិតយើង។ 

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បាននាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកម្មករ និយោជិតទាំងអស់ ហើយក៏បានបញ្ជាក់ច្បាស់ផងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នេះ បន្តអនុវត្តនូវគោលនយោបាយនៃការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដូចថ្នាក់ដឹកនាំជំនាន់មុន ពីព្រោះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺអត់ថយក្រោយទេ ហើយមានតែបន្ត និងខិតខំឱ្យកាន់តែសកម្ម និងបម្រើផលប្រយោជន៍ជូនជាតិ និងមាតុភូមិបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន អបអរសាទរដល់បងប្អូនកម្មករ និយោជិតទាំងអស់ ដែលទទួលបាននូវការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ៤ដុល្លារបន្ថែម ស្មើនឹង ២០៤ ដុល្លារក្នុងមួយខែ ដែលជាប្រាក់ខែគោល ដោយនឹងអនុវត្តចាប់ពីដើមខែមករា ឆ្នាំ២០២៤ តទៅ។ ជាមួយនឹងការអបអរសាទរនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរដល់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំចរចា និងបង្កើនប្រាក់ឈ្នួលជូនដល់កម្មករ-និយោជិត ជាមួយនឹងក្រុមប្រឹក្សាភិបាលជាតិប្រាក់ឈ្នួលអប្បបរមា ដែលមាន ៣ ភាគី៖ (១) តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, (២) តំណាងនិយោជក និង (៣) តំណាងសហជីព ។ ក្នុងកាលៈទេសៈនេះ យើងលំបាកទាំងអស់គ្នា ក៏ប៉ុន្តែដោយឈរលើគោលការណ៍ “ចែកគ្នារស់ និងជួយគ្នារស់” ទើបយើងអាចរួមគ្នា និងយោគយល់គ្នាខ្ពស់ ហើយឈានដល់ការសម្រេចចេញបាននូវការដំឡើងប្រាក់ឈ្នួលបន្ថែមចំនួន ៤ ដុល្លារនេះ បើទោះបីជាតិច ប៉ុន្តែហោចណាស់យើងទទួលបានពិត ជាពិសេសយើងក៏អាចបន្តរក្សាការងារបានទៅមុខទៀត ដោយកម្មករ និយោជិត បន្តមានការងារធ្វើដោយមានប្រាក់ខែកើន ហើយរោងចក្រ-សហគ្រាស ក៏អាចនឹងបន្តដំណើរការបាន និងបន្តជ្រើសរើសកម្ពុជា ជាដៃគូរសហការក្នុងការវិនិយោគផងដែរ នៅក្រោមការដឹកនាំ និងសម្របសម្រួលរបស់រាជរដ្ឋាភិបាល  ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ។

ជាមួយនឹងសមិទ្ធផល និងការសាទររីករាយខាងលើ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមទៅដល់ប្រជាពលរដ្ឋនៅ

ទូទាំងប្រទេសផងដែរ អំពីគោលការណ៍ និងការគិតគូររបស់រាជរដ្ឋាភិបាលចំពោះវិស័យពន្ធដារ ដែលកំពុងត្រូវបានមហាជនមានការចាប់អារម្មណ៍។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ មិនមានការបង្កើតពន្ធថ្មីនោះទេ៖ ១) ពន្ធដែលមានស្រាប់ គឺមិនមានតំឡើងអត្រាពន្ធ, ២) នឹងដាក់ចេញនូវគោលការណ៍មួយចំនួនពាក់ព័ន្ធនឹងពន្ធដារ បន្ទាប់ពីកិច្ចប្រជុំជាមួយវិស័យឯកជននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ និង ៣) រាជរដ្ឋាភិបាលបន្តគោលការណ៍ក្នុងការមិនយកពន្ធលើ៖ ដីកសិកម្ម ដីស្រែ ជាលក្ខណៈគ្រួសារ, ពន្ធនាំចូលសម្ភារៈកសិកម្ម, ពន្ធកសិផលកសិកម្ម, ពន្ធអចលនទ្រព្យ តម្លៃទាបជាង ២ម៉ឺន៥ពាន់ដុល្លារ​,​ ពន្ធប្រថាប់ត្រា អចលនទ្រព្យ ទាបជាង​ ៧ម៉ឺនដុល្លារ​,​ ពន្ធប្រថាប់ត្រាពី ឳពុក ម្តាយ មកកូន យាយតា មកចៅ ប្រពន្ធ និងប្តី សម្រាប់អំណោយ តែ ១ លើក និងមតក (មរតក)​,​ ពន្ធផ្លូវសម្រាប់ទោចក្រយាន្តយន្ត​ និងការអនុញ្ញាតឱ្យម្ចាស់តូបអាជីវកម្មទាំងផ្សាររដ្ឋ​ និងឯកជនអាចមានសិទ្ធិក្នុងការផ្ទេរកម្មសិទ្ធ៕ដោយ៖ស​ តារា

#ហ៊ុនម៉ាណែត #Hunmanet 

#កម្ពុជា #Cambodia


ចែករំលែក៖