ភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ទី ៣ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ លោកឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារក្នុងវិស័យដឹកជញ្ជូនអ្នកដំណើរ និងទំនិញ នៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន តំណាងសមាគមដឹកជញ្ជូន រួមមាន៖ CAMBA, CAMTA, LOSCAB និង CLA តំណាងក្រុមហ៊ុនដឹកជញ្ជូនឯកជន ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ជាច្រើនរូបផងដែរ។
កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីពិនិត្យលើបញ្ហាប្រឈម ដែលបានជួបប្រទះកន្លងមក ក៏ដូចជាការលើកជាសំណូមពរ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នារវាងស្ថាប័នរដ្ឋ និងវិស័យឯកជន សំដៅលើកកម្ពស់សុវត្ថិភាពក្នុងវិស័យដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ក្នុងឱកាសនេះ បញ្ហាប្រឈម និងសំណូមពរមួយចំនួនត្រូវបានដោះស្រាយ និងមួយចំនួនទៀត ត្រូវបានទទួលយកទៅពិនិត្យពិភាក្សាបន្ថែម ជាមួយស្ថាប័នពាក់ព័ន្ធ។ ក្នុងនោះលោកអគ្គនាយក បានបញ្ជាក់ដល់តំណាងសមាគម និងតំណាងក្រុមហ៊ុនទាំងអស់ ដែលមានវត្តមាន ត្រូវយកចិត្តទុកដាក់ក្នុងការអប់រំណែនាំ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពដល់អ្នកបើកបររបស់ខ្លួន ដើម្បីឱ្យមានការយល់ដឹងបន្ថែមអំពី ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបើកបរដោយការប្រុងប្រយ័ត្នខ្ពស់។ ឆ្លៀតក្នុងឱកាសនេះ លោកប្រធានអង្គប្រជុំ ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ដែលមានបំណងចង់បណ្តុះបណ្តាលដល់អ្នកបើកបររបស់ខ្លួន អាចទាក់ទង និងសហការរៀបចំជាវគ្គបណ្តុះបណ្តាល ជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកផងដែរ៕
ដោយ៖ ស សម