ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តបាត់ដំបង ស្ដីពីការរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប នៅថ្ងៃទី២៨ – ២៩ តុលា ២០២៣ ខាងមុខនេះ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបងជ្រាបថា ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងការចូលរួម ចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិដ៏រុងរឿងរបស់យើង ជាពិសេសទំនៀមទំលាប់របស់ខេត្តបាត់ដំបង ក៏ដូចជាការបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ រដ្ឋបាលខេត្តបាត់ដំបងនឹង រៀបចំពិធីបុណ្យអុំទូក និងបណ្តែតប្រទីបនៅតាមបណ្ដោយដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងដែលប្រព្រឹត្តទៅរយៈ ពេល០២ថ្ងៃនាថ្ងៃសៅរ៍-អាទិត្យ ១៤-១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការប្រណាំងទូក(ង)ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមង ទូកផ្កាចារ និង នៅពេលរាត្រី គឺមានការរៀបចំបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចជាដើម។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តបាត់ដំបង ជ្រាបជាព័ត៌មាន និងសូមអញ្ជើញចូលរួមកម្សាន្តសប្បាយរីករាយ ដើម្បីអបអរសាទរពិធី បុណ្យចេញព្រះវស្សាឱ្យមានភាពឱឡារិកអធិកអធមច្រើនកុះករ។

ចំពោះព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងតាមទូរស័ព្ទ ឬទំនាក់ទំនងផ្ទាល់នៅទីចាត់ការអន្តរវិស័យ សាលាខេត្តបាត់ដំបង រៀងរាល់ម៉ោងធ្វើការ ៕

ដោយ ៖ សហការី


ចែករំលែក៖