ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្នុងការដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧នេះសម្រាប់វិស័យអប់រំ គឺត្រូវពង្រឹងនូវគុណភាពទាំងមណ្ឌលសុខភាព និងសាលាទូទាំងប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នាព្រឹក០៥ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” នៅរាជធានីភ្នំពេញ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងពីបំណងក្នុងការធ្វើវិមជ្ឈការអំណាចក្នុងការរើសនាយកសាលាទៅឲ្យថ្នាក់ខេត្ត រាជធានីជ្រើសរើស ដោយថានឹងអាចធ្វើឲ្យប្រព័ន្ធអប់រំមានគុណភាពបន្ថែមទៀត។
សម្ដេចអធិបតីបានលើកឡើងទៀតថា នាយកសាលា គឺជាបុគ្គលសំខាន់ដែលធ្វើឲ្យការអប់រំមានការរីកចម្រើន។ ជាមួយគ្នានេះសម្ដេចធិបតីបានប្រកាសថា ក្នុងអាណត្តិរបស់សម្ដេចគឺនឹងធ្វើឲ្យសាលារដ្ឋទាំងអស់មានគុណភាពក្នុងការបណ្ដុះបណ្ដាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តអនុវត្តគោលនយោបាយជាអាទិភាពលើវិស័យអប់រំ និងវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នវិស័យទាំងពីរនេះ រាជរដ្ឋាភិបាលបានវិនិយោគច្រើនជាងវិស័យផ្សេងៗទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងអប់រំ និងសាលារៀនចំពោះការផ្ដល់ពិន្ទុដល់សិស្ស កុំគិតតែលើលទ្ធផលលើក្រដាស ប៉ុន្ដែក៏ត្រូវពិនិត្យមើលលើសកម្មភាព និងឥរិយាបថជាក់ស្ដែងរបស់សិស្ស ក្នុងការសិក្សារៀនសូត្រផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យពិនិត្យការលក់ដូរអាហារនៅតាមសាលារៀនទាំង អស់ទាំងវិស័យឯកជន និងរដ្ឋ ខណៈអាហារខ្លះអាចមានផលប៉ះពាល់ដល់សុខភាពរបស់សិស្សានុសិស្ស។ សម្ដេចធិបតី អំពាវនាវដល់អ្នកលក់ដូរនៅតាមសាលារៀនឱ្យគិតគូរពីបញ្ហាសុខភាពរបស់សិស្ស៕
ដោយ ៖ សិលា