ជនសង្ស័យបាញ់ប្រហារនៅមជ្ឈមណ្ឌលផ្សារទំនើបក្នុងទីក្រុងបាងកក បានបញ្ចូនទៅកាន់តុលាការដោយចោទប្រកាន់ ៥ករណីផ្សេងគ្នា ក្នុងនោះមានការសម្លាប់មនុស្សនិងប្រើប្រាស់អាវុធខុសច្បាប់។ ឪពុកម្តាយក៏ប្រឈមនឹងការចោទប្រកាន់ទោសផងដែរ ។
សារព័ត៌មាន Straitstimes នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរនៅក្នុងប្រទេសថៃ នៅថ្ងៃពុធសប្ដាហ៍នេះបានចោទប្រកាន់ខ្មាន់កាំភ្លើងមានអាយុ១៤ឆ្នាំម្នាក់ពីបទឃាតកម្មគិតទុកជាមុននិងកាន់កាប់ កាំភ្លើងខុសច្បាប់ បន្ទាប់ពីរូបគេបានបើកការបាញ់ប្រហារនៅឯផ្សារទំនើបដ៏ល្បីមួយក្នុងទីក្រុងបាងកក ដោយប្រើកាំភ្លើងកែច្នៃមួយដើម។
ខ្មាន់កាំភ្លើងវ័យក្មេងខាងលើ ដែលត្រូវបានប៉ូលិសថៃបញ្ជាក់ថាមានជំងឺផ្លូវចិត្ត បានបើកការបាញ់ប្រហារនៅឯផ្សារទំនើប Siam Paragon ក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយបណ្ដាលឱ្យជនបរទេស២នាក់ស្លាប់និង៥នាក់ផ្សេងទៀតរងរបួស។ ប៉ុន្តែតុលាការមួយបានបដិសេធការស្នើសុំរបស់ ប៉ូលិសដែលចង់ឃុំខ្លួនជនសង្ស័យនៅឯមន្ទីរពេទ្យព្យាបាលជំងឺផ្លូវចិត្ត និងបង្គាប់ឱ្យឃុំខ្លួននៅឯមន្ទីរឃុំឃាំងអនីតិជន។ ជនសង្ស័យរូបនេះត្រូវប្រឈមមុខនឹង បទចោទប្រកាន់ចំនួន៥បទចោទ ក្នុងនោះរួមមានការកាន់កាប់អាវុធខុសច្បាប់ យកអាវុធទៅកន្លែងសាធារណៈដោយខុសច្បាប់ និងបាញ់កាំភ្លើងដោយខុសច្បាប់នៅតាមទីសាធារណៈ។
គួរបញ្ជាក់ថា ភាពវឹកវរបានកើតឡើងនៅផ្សារទំនើប Siam Paragon ដែលជាផ្សារទំនើបប្រណីតបំផុតរបស់ទីក្រុងបាងកក ដោយមនុស្សរាប់រយនាក់បាននាំគ្នារត់ភៀសខ្លួនចេញពីទីនោះ ស្របពេលដែលស្នូរកាំភ្លើងបានផ្ទុះឡើង ក្នុងហេតុការណ៍កក្រើកថ្មីមួយទៀត នៃករណីអំពើហិង្សាដោយកាំភ្លើង ដែលបានកើតមាននៅប្រទេសអាស៊ានមួយនេះ ក្នុងរយៈពេលប្រមាណជា៣ឆ្នាំចុងក្រោយ។
ស្រ្តី២នាក់ ដែលជាជនបរទេសមកពីចិននិងមីយ៉ាន់ម៉ា បានបាត់បង់ជីវិត ខណៈដែលមនុស្ស៥នាក់ទៀតបានរងរបួស ក្នុងនោះ២នាក់ជាជនបរទេស និង៣នាក់ជាជនជាតិថៃ។ រីឯខ្មាន់កាំភ្លើងដែលជាក្មេងប្រុសវ័យជំទង់អាយុ១៤ឆ្នាំត្រូវបានប៉ូលិសចាប់ខ្លួននៅក្នុងផ្សារទំនើបកើតហេតុផ្ទាល់។ ប៉ូលិសបាននិយាយថា ក្មេងប្រុសរូបនោះបានស្ថិតក្រោមការព្យាបាលជំងឺសតិអារម្មណ៍ ប៉ុន្តែនៅថ្ងៃកើតហេតុ រូបគេមិនបានលេបថ្នាំ តាមវេជ្ជបញ្ជាទេ៕ ដោយ៖ ធីរីណា
រូបថត៖ Getty Images