ខេត្តកំពង់ឆ្នាំង៖ ដោយសារភ្លើងប្រចណ្ឌបុរសជាប្ដីបានកាប់ប្រពន្ធជាច្រើនកាំបិត បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចក៏ទៅចងកសម្លាប់ខ្លួននៅក្នុងផ្ទះបាយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៥ខែតុលា ឆ្នាំ ២០២៣ នៅភូមិបឹងលាច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ កែវ ស្រីអូន អាយុ ៣២ឆ្នាំនិងបុរសជាប្ដីឈ្មោះ លី សារិន អាយុ ៣៤ឆ្នាំ មានមុខរបររកស៊ីកាប់គោលក់។ ពួកគេមានកូនចំនួន២នាក់និងមានទីលំនៅភូមិឃុំកន្លែងកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ នៅព្រលប់ថ្ងៃទី៤ ខែតុលា ប្ដីប្រពន្ធទាំងពីរនាក់បានទាស់ គ្នាជាខ្លាំងជាខ្លាំងម្ដងហើយ។ ក្រោយមកដោយមានការសម្របសម្រួលពីបងប្អូនក៏ស្ងប់ទៅវិញ ហើយក៏នាំគ្នាចូលដេករៀងៗខ្លួន ។ ស្រាប់តែវេលាម៉ោង០២រំលងអធ្រាត្រឈានចូលថ្ងៃទី ៥ខែតុលា បុរសជាប្ដីបានយក កាំបិតកាប់ប្រពន្ធចំកញ្ចឹងក ចំស្មានិងកន្លែងផ្សេងទៀត បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម។
ប្រភពព័ត៌មានបានរាយការណ៍ថា បន្ទាប់មកបុរសជាប្ដី បានទៅផ្ទះបាយ ហើយចងកសម្លាប់ខ្លួនតែម្ដង។ នៅ ក្នុងហេតុការណ៍នោះកូនប្រុសអាយុ ៩ ឆ្នាំបានឃើញសកម្មភាពដ៏ឃោរឃៅនេះក៏រត់ទៅប្រាប់ជីតាហើយក៏មានការភ្ញាក់ផ្អើលឡើង។
ប្រភពពីប្រជាពលរដ្ឋក្បែរខាងបានឲ្យដឹងថា គ្រួសារពីរនាក់ប្ដីប្រពន្ធតែងទាស់គ្នាជារឿយៗដោយសារប្ដីប្រចណ្ឌប្រពន្ធហួសហេតុពេក៕
ដោយ៖ សូរិយា