ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា៖ ស្លាប់និងបាត់ខ្លួនជាង ១១០នាក់ ដោយសារជំនន់ទឹកភ្លៀង

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរឥណ្ឌាបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងហោចណាស់១៤នាក់បានស្លាប់ និង១០២នាក់ ក្នុងនោះរួមមានទាំងទាហាន២២នាក់ផងដែរ បានបាត់ខ្លួន នៅភាគឦសានប្រទេសអាស៉ីខាងត្បូងមួយនេះ ក្រោយការធ្លាក់ភ្លៀងខ្លាំង បានធ្វើឱ្យកម្ពស់ទឹកនៃបឹងមួយកើនឡើងហួសផុតពីមាត់ច្រាំង ហើយបង្កជាការជន់លិចយ៉ាងធ្ងន់ធ្ងរ។
គ្រោះមហន្តរាយខាងលើដែលជះផលប៉ះពាល់លើការរស់នៅរបស់មនុស្សប្រមាណ២២,០០០នាក់ គឺជាករណីថ្មីចុងក្រោយគេនៃបាតុភូតអាកាសធាតុដ៏អាក្រក់ៗ កើតមានឡើងជាបន្តបន្ទាប់ នៅតាមតំបន់ភ្នំនៃតំបន់អាស៉ីខាងត្បូង ដែលត្រូវបានទម្លាក់កំហុសទៅលើបញ្ហាប្រែប្រួលអាកាសធាតុ។ បើតាមអាជ្ញាធរឥណ្ឌា ភ្លៀងបានធ្លាក់យ៉ាងខ្លាំងក្លាកាលពីថ្ងៃពុធសប្តាហ៍នេះ និងក្នុងរយៈពេលដ៏ខ្លីទៅលើបឹង Lhonak ជាហេតុនាំឱ្យមានការជន់លិចជ្រលង Teesta ដែលស្ថិតនៅចម្ងាយប្រហែល១៥០គីឡូម៉ែត្រពីភាគខាងជើងទីក្រុង Gangtok ដែលជារដ្ឋធានីនៃរដ្ឋ Sikkim របស់ឥណ្ឌា នៅក្បែរព្រំប្រទល់ជាមួយចិន។
តំបន់ភ្នំនិងខ្ពង់រាបដទៃទៀតនៃប្រទេសឥណ្ឌា ព្រមទាំងផ្នែកខ្លះនៃប្រទេសប៉ាគីស្ថាននិងនេប៉ាល់ដែលនៅក្បែរខាងគ្នា គឺបានទទួលរងការធ្លាក់ភ្លៀងខ្លាំងជោកជាំ រួមជាមួយទឹកជំនន់និងគ្រោះរអិលបាក់ដី ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយមនុស្សជាច្រើនបានស្លាប់។ កាលពីឆ្នាំទៅមិញ ប៉ាគីស្ថានបានបន្ទោសទៅលើបញ្ហាប្រែប្រួលអាកាសធាតុសម្រាប់គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ដែលបង្កឡើងដោយភ្លៀងរដូវមូសូង ហើយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ ដំណាំ និងផ្តាច់ជីវិតមនុស្សយ៉ាងតិច ១,០០០នាក់ នៅក្នុងប្រទេសរបស់ខ្លួន៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN


ចែករំលែក៖