ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោក តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមប្រចាំខេត្តស្វាយរៀង និងខេត្តព្រៃវែង បានចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្ដាអាងទឹក និងប្រព័ន្ធធារាសាស្រ្ត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងខេត្តព្រៃវែង កាលពីម្សិលមិញនេះ។
ក្រសួងធនធានទឹក បានឱ្យដឹងទៀតថា ក្នុងខេត្តស្វាយរៀង៖ លោករដ្ឋលេខាធិការ អមដំណើរដោយលោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម និងមន្រ្តីបច្ចេកទេសបានចុះពិនិត្យ៖
១-អាងទឹកគៀនតាស៊ីវ ស្ថិតនៅឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលអាចស្តុកទឹកបានចំនួន ៣លានម៉ែត្រគូប មានលទ្ធភាពស្រោចស្រពស្រូវរដូវវស្សាចំនួន ២ ០០០ហិកតា ស្រូវរដូវប្រាំងចំនួន ១៨០ហិកតា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចំនួន ១ ៤៥៣គ្រួសារ ដំណាំរួមផ្សំមួយចំនួន និងសត្វពាហនៈ។
២-អាងទឹកកំពង់ជ្រៃ ស្ថិតនៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលអាចស្តុកទឹកបានចំនួន ១១,៣ លានម៉ែត្រគូប មានលទ្ធភាពស្រោចស្រពស្រូវរដូវវស្សាចំនួន ១៥ ២៨០ហិកតា ស្រូវរដូវប្រាំងចំនួន ១ ២៨០ហិកតា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចំនួន ១២ ២៣១គ្រួសារ ដំណាំរួមផ្សំមួយចំនួន និងសត្វពាហនៈ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងខេត្តស្វាយរៀងការងារបង្កបង្កើនផលស្រូវរដូវវស្សាបានចំនួន ១៦០ ៩៨០ហិកតា ស្មើនឹងចំនួន ៩៦,១១% នៃផែនការ ខណៈស្ថានភាពទឹកនៅក្នុងអាងមានបរិមាណពី៩០% ទៅ១០០%។
ដោយឡែកក្នុងខេត្តព្រៃវែង៖ លោករដ្ឋលេខាធិការ អមដំណើរដោយលោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម និងមន្ត្រីបច្ចេកទេស បានចុះពិនិត្យប្រព័ន្ធធារាសាស្រ្តការពារទឹកជំនន់ និងស្រោចស្រពកំពង់ត្របែក ដែលលាតសន្ធឹងលើស្រុកកំពង់ត្របែក ស្រុកបាភ្នំ និងស្រុកព្រះសេ្តច ខេត្តព្រៃវែង។ ប្រព័ន្ធធារាសាស្ត្រនេះមានលទ្ធភាពស្រោចស្រពស្រូវរដូវវស្សាចំនួន ៩ ០០០ហិកតានិងស្រូវរដូវប្រាំងចំនួន ៦ ០០០ហិកតា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចំនួន ៧ ៨៩៩គ្រួសារ ដំណាំរួមផ្សំមួយចំនួន និងសត្វពាហនៈ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងខេត្តព្រៃវែងការងារបង្កបង្កើនផលស្រូវរដូវវស្សា បានចំនួន ២៦៩ ០៧៣ហិកតា ស្មើនឹងចំនួន ១០៧,៦៣% នៃផែនការចំនួន ២៥០ ០០០ហិកតា។ ដោយឡែកស្ថានភាពទឹកនៅក្នុងអាងមានបរិមាណពី៨៥% ទៅ១០០%។
បន្ថែមពីនេះ លោករដ្ឋលេខាធិការបានផ្តាំផ្ញើដល់លោកប្រធានមន្ទីរ និងសហការីឱ្យបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះការថែរក្សាទឹកស្តុកក្នុងអាង និងត្រៀមលក្ខណៈជានិច្ច ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ ឬគ្រោះរាំងស្ងួត៕
ដោយ៖សហការី