ខេត្តពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំគណៈស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងកងកម្លាំងក្រោមឱវាទ នាំយកទេយ្យទាននិងបច្ច័យមួយចំនួនចូលរួម វេនកាន់បិណ្ឌទី៧ នៅវត្តហង្សាបីតិ ហៅវត្តព្រែកស្តី ស្ថិតក្នុងភូមិព្រែកស្តី សង្កាត់លលកស និងវត្តសូរិយា ស្ថិតក្នុងសូរិយាលើ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ការនាំយកបច្ច័យនិងទេយ្យទានមួយចំនួនចូលរួមវេនកាន់បិណ្ឌទី៧ នៅវត្តចំនួន០២ក្នុងក្រុងពោធិ៍សាត់នេះ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីទ្រទ្រង់ ពុទ្ធសាសនា បន្តការរីកចម្រើន និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនក្រុមគ្រួសារ និងកងកម្លាំងនគរបាលខេត្តទាំងអស់ ជួបប្រទះតែរឿងល្អៗ ជោគជ័យក្នុងការបំពេញតួនាទីភារកិច្ច បន្តស្មារតី រក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានល្អប្រសើរ។
សូមជម្រាបជូនថា លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ព្រមទាំង លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ លោកអធិការក្រុង-ស្រុកទាំង៨ លោកមេបញ្ជាការវរ:សេនាតូចការពារព្រំដែនទាំង២ និងសហការី កាលពីម្សិលមិញនេះ បានធ្វើពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តសន្តិភាព ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងសហការី បាននាំនូវយកទេយ្យទាន សម្ភារប្រើប្រាស់ ទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា មានបច្ច័យចំនួន ៤,២៧០,០០០រៀល, អង្ករ ១០០គីឡូក្រាម, មី ០៥កេស,ទឹកក្រូច ០៥កេស, ទឹកសុទ្ធ ០៥កេស, ត្រីខ ៥យួរ, ប្រេងឆា ១០លីត និងស្ករស ១០គីឡូក្រាម៕
ដោយ៖សហការី