ឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនបានផ្តល់អំណះអំណាងណាមួយសម្រាប់ការសម្រេចចិត្តបណ្តេញអ្នកការទូតរុស្ស៊ីពីរនាក់នោះទេ។
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣បានផ្សាយថា ក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានបណ្ដេញមន្ត្រីស្ថានទូតរុស្ស៉ី២នាក់ចេញពី ប្រទេស បន្ទាប់ពីរុស្ស៉ីបណ្ដេញមន្ត្រីស្ថានទូតអាមេរិក២នាក់ប្រចាំនៅទីក្រុងមូស្គូ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឱ្យដឹងដូច្នេះថា «ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តមិនត្រឹមត្រូវរបស់សហព័ន្ធរុស្ស៉ីក្នុងការបណ្ដេញមន្ត្រីស្ថានទូតអាមេរិក ២នាក់ប្រចាំទីក្រុងមូស្គូ ក្រសួងការបរទេសបានចាត់វិធានការឆ្លើយតបដូចគ្នា ដោយប្រកាសថា
មន្ត្រីស្ថានទូតរុស្ស៉ី ២នាក់ ប្រចាំ សហរដ្ឋអាមេរិកជាបុគ្គលមិនត្រូវបានស្វាគមន៍ (persona non grata)»។ អ្នកនាំពាក្យរូបនេះបន្ថែមថា ក្រសួងការបរទេសអាមេរិកនឹងមិនអត់ឱនឱ្យឡើយចំពោះទង្វើយាយីណាមួយរបស់រដ្ឋាភិបាលរុស្ស៉ីលើមន្ត្រីទូតអាមេរិក ហើយសកម្មភាពដែលមិនអាចទទួលយកបានប្រឆាំងនឹងបុគ្គលិកស្ថានទូតអាមេរិកក្នុងទីក្រុងមូស្គូនឹងត្រូវប្រឈមនឹងផលវិបាកត្រឡប់ទៅវិញ។
រុស្ស៉ី កាលពីថ្ងៃទី១៤ ខែកញ្ញា បានសម្រេចបណ្ដេញមន្ត្រីស្ថានទូតអាមេរិក ២នាក់ចេញពីប្រទេស ដោយចោទពួកគេថាបានធ្វើការ ជាមួយជនជាតិរុស្ស៉ីម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានលួចលាក់សហការជាមួយបរទេស។ ទំនាក់ទំនងរវាងទីក្រុងមូស្គូនឹងទីក្រុងវ៉ាស៊ីនតោនបានធ្លាក់ដុនដាបដល់កម្រិតដ៏ទាបបំផុតមួយ ក្នុងពេលជាង៦០ឆ្នាំ ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន។
សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធាច្រើនសន្ធឹកសន្ធាប់សម្រាប់ទីក្រុងកៀវ និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៉ីជាការឆ្លើយតបទៅនឹងសង្រ្គាមប្រឆាំងអ៊ុយក្រែនផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២មក ដែលលោកខាងលិចចាត់ទុកថាជាសង្រ្គាមឈ្លានពាន៕
ដោយ៖ ធីរីណា(រូបថត៖ vtc.vn)