ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រីប្រចាំកម្ពុជា បានពិភាក្សាអំពីការផ្ដល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការកម្ពុជា និងផ្លាស់ប្ដូរយោបល់ទៅលើ ការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP+ របស់សហភាពអឺរ៉ុប បន្ទាប់ពីកម្ពុជាចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចនាពេលខាងមុខ។
ការឯកភាពគ្នារវាងភាគីទាំងពីរនេះ បានធ្វេីឡេីងកាលពីម្សិលមិញនេះ នាឱកាសទទួលជួបពិភាក្សាការងារជាមួយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ និងលោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រីប្រចាំកម្ពុជា ដើម្បីពិភាក្សាពីវឌ្ឍនភាពនិងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។
ជាកិច្ចចាប់ផ្តើម លោកស្រីរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោក Tibor BALOGHDI និងសហការី និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនហុងគ្រីដែលតែងតែផ្ដល់ការគាំទ្រ និងនិងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ។
ក្នុងឱកាសនោះដែរ លោកស្រីរដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានាលើពិភពលោក។ បន្ថែមពីនេះ លោកស្រីបានលើកឡើងអំពីការត្រៀមលក្ខណៈរបស់ភាគីកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី (JCEC) នាពេលខាងមុខ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារ និងកំណត់វិស័យអាទិភាពនិងផែនការសកម្មភាពសម្រាប់អនុវត្តបន្ត ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណនូវការផ្តល់កិច្ចសហប្រតិបត្តិការបានយ៉ាងល្អរបស់ក្រសួងពាណិជ្ជកម្មដល់ភាគីហុងគ្រីនាពេលកន្លងមក និងបានបង្ហាញឆន្ទៈមោះមុត ក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសវិស័យអាទិភាពរួមមាន៖ ពាណិជ្ជកម្ម កសិកម្ម និងធនធានទឹក។
ក្នុងកិច្ចជំនួបនេះដែរ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការត្រៀមរៀបចំកិច្ចប្រជុំលើកទី២ នៃJCEC តាមប្រព័ន្ធ Hybrid នាពេលឆាប់ៗខាងមុខ ដែលក្នុងនោះក៏មានការរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសរវាងភាគីទាំងពីរតាមប្រព័ន្ធវីដេអូ ដើម្បីត្រួតពិនិត្យនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងស្វែងរកធាតុចូលថ្មីៗបន្ថែមទៀត ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារ និងសមិទ្ធផលតាមគោលដៅកំណត់។ បន្ថែមពីនេះ ភាគីទាំងពីរបានបង្ហាញចំណាប់អារម្មណ៍ក្នុងការផ្លាស់ប្ដូរទស្សនៈកិច្ចសិក្សាស្វែងយល់អំពីសក្ដានុពលពាណិជ្ជកម្ម និងវិនិយោគរវាងសភាពាណិជ្ជកម្មទាំងពីរ។
គួរបញ្ជាក់ផងដែរថា៖ ពាណិជ្ជកម្មរវាងកម្ពុជា-ហុងគ្រីសម្រេចបានទំហំប្រមាណ ៧,៤៤ លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២២ កើនឡើង៨៩% ធៀបនឹងឆ្នាំ២០២១។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅហុងគ្រី រួមមាន៖ គ្រាប់ធញ្ញជាតិ សម្លៀកបំពាក់ ស្បែកជើង ថ្នាំជក់ និងឧបករណ៍អគ្គិសនីឬបរិធានមេកានិកជាដើម រីឯទំនិញនាំចូលសក្តានុពលពីហុងគ្រីមកកម្ពុជាវិញ រួមមាន៖ ផលិតផលឱសថ ម៉ាស៊ីននិងបរិធានមេកានិក ប្រដាប់ប្រដារក្មេងលេង ផលិតផលធ្វើពីទឹកដោះ និងគីមីសរីរាង្គជាដើម៕
ដោយ៖ សហការី