ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២នាក់របួសធ្ងន់ម្នាក់ដោយសាររថយន្តម៉ាកតាកូម៉ាបុកម៉ូតូធ្វើឱ្យផ្អើលអ្នកភូមិទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់មួយបណ្ដាលអោយបុរស២នាក់ស្លាប់និងរងរបួសធ្ងន់ម្នាក់ដោយសាររថយន្តម៉ាកតាកូម៉ាបុកម៉ូតូហុងដាពេញទំហឹងផ្អើលដល់អ្នកភូមិទាំងយប់។

     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី០៧ខែតុលាឆ្នាំ២០២៣ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១០៩-១១០ ស្ថិតនៅត្រង់ចំណុចភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

    យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានអោយដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះងិន ពៅ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករនិងឈ្មោះ យាទ បញ្ញា អាយុ១៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ  ស្រុកស្វាយជ្រំ រីឯអ្នករងរបួសធ្ងន់មានឈ្មោះប៊ុន ណេត  អាយុ១៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង  ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

    បើតាមសាក្សីបានអោយដឹងថា មុនកើតហេតុមានបុរស៣នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1H-6089 លើផ្លូវជាតិលេខ១ ខណៈនោះស្រាប់តែមានរថយន្តម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២AE-៤២៧៣ អ្នកបើកបមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ បានបើកបុកម៉ូតូពេញទំហឹងបណ្ដាលអោយស្លាប់២នាក់និងរងរបួសធ្ងន់ម្នាក់ ផ្អើលអ្នកភូមិទាំងយប់។

    ក្រោយកើតហេតុអ្នកបើករថយន្តឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់ បន្សល់តែរថយន្តនិងម៉ូតូព្រមទាំងមនុស្សដេកដួលកណ្ដាលផ្លូវគួរអោយអាសូរ។

    ចំពោះមូលហេតុ សមត្ថកិច្ចកំពុងស៊ើបអង្កេតបន្តទៀត ចំណែកសាកសពទាំង២នាក់ត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

រីឯមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីដោះស្រាយតាមច្បាប់៕

ដោយ៖ សុថាន

 


ចែករំលែក៖