ភ្នំពេញ ៖ ជាមួយនឹងសេចក្តីសោកស្តាយចំពោះការបាត់បង់ធនធានមនុស្សរបស់កម្ពុជា ដោយនិស្សិត ចាន់ ឧត្តម និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានបាត់បង់ជីវិតក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ចាត់តាំងលោក មែ ស៉ីថន តំណាងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជេីញទៅសាកសួរសុខទុក្ខ នាំនូវសារលិខិតមរណ:ទុក្ខ និងរំលែកទុក្ខរបស់សម្តេចធិបតី និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមគ្រួសារនៃសព។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានទូរសព្ទជួបផ្ទាល់ជាមួយក្រុមគ្រួសារនៃសពនិស្សិតដែលបាត់បង់ជីវិត ដេីម្បីបញ្ជាក់ពីការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ព្រមទាំងចូលរួមរំលែកទុក្ខចំពោះការបាត់បង់កូនប្រុស ចៅប្រុស និងប្អូនប្រុសជាទីស្រលាញ់ និងជាធនធានមនុស្សបញ្ញវន្តដ៏មានសក្តានុពលរបស់កម្ពុជា ដែលបាន និងកំពុងបំពេញបេសកកម្មសិក្សាបង្កេីនសមត្ថភាព ដេីម្បីយកមកបម្រេីឧត្តមប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ និងប្រជាជនកម្ពុជា ជាទីស្នេហាបំផុតរបស់យេីង។
ព្រមជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏សូមបួងសួងដល់វិញ្ញាណក្ខន្ធនិស្សិត ចាន់ ឧត្តម បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លៀតឡេីយ។
សូមបញ្ជាក់ផងដែរ ដេីម្បីជួយរំលែកបន្ទុកមួយចំណែក និងសេចក្តីសោកសង្រេងនៃការបាត់បង់និស្សិតចំពោះក្រុមគ្រួសារនៃសព សម្តេចធិបតីនាយករដ្ឋមន្ត្រី សម្រេចទទួលបន្ទុកលេីការនាំសពមាតុភូមិនិវត្តន៍ ព្រមជាមួយនឹងការចាត់ចែងរៀបចំពិធីបុណ្យសព ដោយរ៉ាប់រងការចំណាយទាំងអស់ ៕
ដោយ ៖ សហការី