ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញរាប់បាត្រកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធីវង្ស

ចែករំលែក៖

ភ្នំពេញ​៖​ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃច័ន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣​បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១០ ជាមួយ សម្ដេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅវត្តមុនីប្រសិទ្ធីវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធបុព្វការីជន បុព្វបុរសជាតិ មន្ត្រីរាជការ យុទ្ធជន យុទ្ធនារី ដែលបានពលី ដែលបានទទួលមរណភាពទៅកាន់លោកខាងមុខយូរយារមកហើយ។

ស្ថិតនៅក្នុងទិវាប្រកបដោយសេចក្ដីជ្រះថ្លាដ៏ក្រៃលែងនៃពិធីឆ្លងកាន់បិណ្ឌវេនទី១០តាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទម្លាប់ដូនតាខ្មែរ នាឱកាសនេះ លោកអភិសន្ដិបណ្ឌិត ក៏បានអញ្ជើញបូជា ទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈដ៏ឧត្តមខ្ពង់ខ្ពស់ ថ្វាយព្រះរតនត្រ័យ គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងមួយអន្លើថ្វាយវត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេព្តាអភិបាលរក្សាទីអារាមវត្តមុនីប្រសិទ្ធីវង្ស និងឧទ្ទិសជូនចំពោះលោកអ្នកមានគុណ មានមាតាបិតា និងញាតិទាំង៧សន្តាន។

លោកអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ រួមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងប្រជាពុទ្ធបរិស័ទរួមកាន់បិណ្ឌវេនទី១០នៅទីអារាមវត្តមុនីប្រសិទ្ធីវង្ស ក៏បានប្រារព្ធកិច្ចនមស្ការព្រះរតនត្រ័យ និងសមាទាននូវនិច្ចសីលពីសំណាក់ព្រះសង្ឃជាស្រែបុណ្យដ៏ប្រសើរ ក្រោមព្រះអធិបតីសង្ឃដ៏ខ្ពង់ខ្ពស់ សម្តេចព្រះឧត្តមវង្សា មួង រ៉ា ព្រះចៅអធិការវត្តមុនីប្រសិទ្ធីវង្ស។

ក្នុងកិច្ចប្រកបដោយកុសលផលបុណ្យនេះដែរ លោកអភិសន្ដិបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងប្រជាពុទ្ធបរិស័ទ ក៏បានអញ្ជើញប្រារព្ធកិច្ចរាប់បាត្រ វេរប្រគេនចង្ហាន់ រួមទាំងទេយ្យទាននានា ថ្វាយ និងប្រគេនសម្តេចព្រះឧត្តមវង្សាព្រះមន្ត្រីសង្ឃ និងព្រះសង្ឃ ដោយព្រះអង្គបាននិមន្តសូត្រស្វាធ្យាយព្រះសត្តប្បករណាភិធម្មបង្សុកូល ពហូដារឆ្លង និងផ្សាយផល្លានិសង្ឃនៃពិធីបុណ្យកាន់បិណ្ឌវេនទី១០នេះ ជូនដួងវិញ្ញាណក្ខន្ធជីដូនជីតារបស់ឯកឧត្តមអភិសន្ដិបណ្ឌិត និងបុព្វបុរសជាតិ វីរៈជនជាតិ មន្ត្រីរាជការស៊ីវិល នគរបាល យុទ្ធជន យុទ្ធនារីទាំងឡាយ ដែលមានគុណូប្បការៈចំពោះជាតិ និងប្រជាជនកម្ពុជា ជាកិច្ចបង្ហើយបុណ្យនៃវេនទី១០ ផងដែរ៕

ដោយ ៖ ស​ តារា


ចែករំលែក៖