ខេត្តកោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅព្រឹកថ្ងៃចន្ទទី០៩ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មុខសញ្ញាចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ ត្រូវបានបង្ហាញមុខជាសាធារណៈ មុនបញ្ជូនទៅសាលាដំបូងខេត្តកោះកុង ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី។
ប្រភពដដែលបន្តថា ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកោះកុង កាលពីយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បានចុះបង្ក្រាប់ករណីជួញដូរគ្រឿងញៀនមួយកន្លែង នៅចំណុចបង្គោលបីមាត់សមុទ្រ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ នៅពេលដែលជនសង្ស័យកំពុងតែជួញ ដូរគ្រឿងញៀន ។
កម្លាំងនគរបាលចុះទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ប្រុស និងឆែក ឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនខុសច្បាប់មួយចុងទុយោ ។ ១.ឈ្មោះ លី ចាន់ណារឹទ្ធ (រឹទ្ធ) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ព្រះពុទ្ធ មុខរបរកម្មករ ទីលំនៅភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង។ ២.ឈ្មោះ សាន គីមហុង (ហុង) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង។ ហើយកម្លាំងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បន្តធ្វើការឆែកឆេរផ្ទះជនសង្ស័យស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង រកឃើញកាំភ្លើងខ្លី ១ដើម (មិនស្គាល់ម៉ាក) ដែលជនសង្ស័យបានកប់ទុកនៅខាងក្រោមផ្ទះ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលេីនេះ កម្លាំងជំនាញដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ១កំណាត់ទុយយោ
-កាំភ្លើងខ្លី១ដើម
-ម៉ូតូ១គ្រឿង (ម៉ាក់Winner ពណ៌ក្រហម+ខ្មៅ)
-ទូរស័ព្ទដៃចំនួន២គ្រឿង។
បច្ចុប្បន្ន កម្លាំងនគរបាលកំពុងបំពេញសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖ អរុណរះ