ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែលប្រមូលទាហាន ១០០.០០០ នាក់ បង្កើនការវាយប្រហារ ឡោមព័ទ្ធតំបន់ កាហ្សាទាំងស្រុង

ចែករំលែក៖

អុីស្រាអែលបានកេណ្ឌទាហាន១០ម៉ឺននាក់ក្នុងយុទ្ធនាការសងសឹកមួយដើម្បីកម្ទេចក្រុមហាម៉ាស ដែលជាចលនាតស៊ូអ៊ីស្លាមនៅហ្គាហ្សា ។ កាលពីថ្ងៃទី៩ ខែតុលា អ៊ីស្រាអែលបានបង្កើនការវាយប្រហារលើតំបន់ហ្គាហ្សាស្ទ្រីប ដែលជាជម្រករបស់ជនជាតិប៉ាឡេស្ទីន 2.3 លាននាក់សម្រាប់រយៈពេលបីថ្ងៃ ដោយបានសម្លាប់រាប់រយនាក់នៅក្នុងការសងសឹកចំពោះការវាយប្រហារដែលធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស។
អឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយថា មនុស្សជាង 450 នាក់ រួមទាំងកុមារ និងស្ត្រីជិត 100 នាក់ត្រូវបានសម្លាប់ និង 2,400 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អុីស្រាអែល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពអុីស្រាអែលបាននិយាយថា កាលពីយប់មិញ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានវាយប្រហារទៅលើគោលដៅជាង 500 នៃក្រុមប្រដាប់អាវុធមូស្លីមប៉ាឡេស្ទីន Hamas និងក្រុមជីហាតនៅតំបន់ហ្គាហ្សាស្ទ្រីប។
ថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានប្រកាសចេញបទបញ្ជាឱ្យធ្វើការបិទខ្ទប់ទាំងស្រុង ចំពោះតំបន់ Gaza ដែលជាមូលដ្ឋានរបស់ក្រុមប៉ាឡេស្ទីន ហាម៉ាស់ (Hamas)។
នៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយ ដោយសំដៅលើតំបន់ Gaza Strip ដែលជាទីជម្រករបស់ប្រជាជនប៉ាឡេស្ទីន២.៣លាននាក់ លោកប្រមុខការពារជាតិអ៉ីស្រាអែល បាននិយាយយ៉ាងដូច្នេះថា «ពួកយើងនឹងអនុវត្តការបិទខ្ទប់ជិតទាំងស្រុងតែម្តងចំពោះតំបន់ Gaza ដោយនឹងគ្មានអគ្គិសនី ស្បៀងអាហារ ទឹក ឥន្ធនៈ ឬឧស្ម័ន នោះឡើយ ពោលគឺអ្វីៗនឹងត្រូវបិទខ្ទប់ទាំងអស់»។
ការប្រកាសវិធានការក្តៅខាងលើនេះកើតមានឡើង បន្ទាប់ពីអ៉ីស្រាអែលបានទទួលរង ការឆ្មក់វាយប្រហារទ្រង់ទ្រាយធំសម្បើម ពីសំណាក់ក្រុម Hamas កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។ ទើបតែនៅថ្ងៃចន្ទនេះប៉ុណ្ណោះ ដែលយោធាអ៉ីស្រាអែលបានប្រកាសថា កងកម្លាំងរបស់ខ្លួនបានដណ្តើមការគ្រប់គ្រងពេញលេញមកវិញ នៅតាមតំបន់ដែលរងការលុកលុយដោយពួក Hamas។ ទន្ទឺមគ្នា អ៉ីស្រាអែលក៏បាននិងកំពុងបន្តធ្វើការវាយប្រហារតាមផ្លូវអាកាស និងបាញ់ផ្លោងកាំភ្លើងធំឥតឈប់ឈរ ទៅលើតំបន់ Gaza ផងដែរ។ គិតមកទល់ពេលនេះ មនុស្សប្រហែល១,២០០នាក់ហើយបានស្លាប់ និងរាប់ពាន់នាក់បានរងរបួស ក្នុងសង្រ្គាមរវាងភាគីទាំងពីរ៕

ដោយ៖ ធីរីណា(រូបថត៖ Reuters)


ចែករំលែក៖