ព័ត៌មានទាន់ហេតុការណ៍៖

កុមារកម្ពុជាចំនួន៩៤នាក់បាន រួចចាកផុតពីជំងឺបេះដូងចំហពីសំណាក់វេជ្ជបណ្ឌិតចិន

ចែករំលែក៖

ភ្នំពេញ ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ បានរៀបចំ កម្មវិធីពិនិត្យនិងព្យាបាល ជំងឺបេះដូងចំហ ជូនដល់កុមារកម្ពុជា បានដំណើរការ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ក្រោមកិច្ចសហការរវាងមន្ទីរពេទ្យបេះដូងFUWAIខេត្តយូណាន វេទិកាសម្ព័ន្ធសង្គមស៊ីវិល ។ 

លោកវេជ្ជបណ្ឌិត PAN XIANGBIN ប្រធានក្រុមវេជ្ជបណ្ឌិតចិន បានដឹកនាំវេជ្ជបណ្ឌិតជំនាញបេះដូងចំនួន១៤រូបមកពិនិត្យនិងព្យាបាលជំងឺជូនដល់កុមារកម្ពុជា។ លោក ក៏បានគូសបញ្ជាក់ថានេះ ជាលើកទី១ ដែលមន្ទីរពេទ្យបេះដូងFUWAI បាននាំយករថយន្ត ដែលបំពាក់នូវសម្ភារៈវះកាត់និងព្យាបាលជំងឺបេះដូងចំហ មកដល់ប្រទេសកម្ពុជា រយៈពេល៥ថ្ងៃ ហើយក្រោមកិច្ចគាំទ្រ ពីស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា ក្រុមវេជ្ជបណ្ឌិតបានចុះទៅពិនិត្យសុខភាពនៅឃុំដូង ស្រុកបាទី ខេត្តតាកែវ ដែលជាលទ្ធផលបានតាមដានសុខភាពជូនកុមារចំនួន៣០០០នាក់ ដោយរកឃើញនិងបាននាំមកវះកាត់និងព្យាបាលជូនដល់កុមារដែលមានជំងឺបេះដូងចំហចំនួន៥រូប រួមជាមួយកុមារ២រូបនៅរាជធានីភ្នំពេញ។ 

ក្រុមវេជ្ជបណ្ឌិតចិន បានវះកាត់ និងព្យាបាលជំងឺបេះដូងជូនកុមារកម្ពុជា បានចំនួន៩៤រូបហើយគិតចាប់ពីកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយបណ្តាអង្គពាក់ព័ន្ធនានានៅក្នុងប្រទេសកម្ពុជា ដោយរាប់ពីឆ្នាំ២០១៨មក ។ 

 ក្នុងនាមលោកកឹមរ័ត្ន វិសិដ្ឋ ប្រធាន ក្រុមប្រឹក្សាភិបាលវេទិកា សម្ព័ន្ធសង្គមស៊ីវិល លោកបណ្ឌិត ជា មុនីឫទ្ធិ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសរបស់ ក្រុមវេជ្ជបណ្ឌិតចិន ហើយក៏សូមថ្លែងនូវអំណរគុណចំពោះ អង្គពាក់ព័ន្ធនានា ដែលបានចូលរួមគាំទ្រយ៉ាងពេញទំហឹង ចូលរួមសម្របសម្រួល និងចូលរួមសហការយ៉ាងជិតស្និទ្ធ ដើម្បីជួយរួមចំណែកបង្កើនសុខុមាលភាពជូនដល់កុមារកម្ពុជាឱ្យរួចចាកពីជំងឺបេះដូងចំហនេះ។  

គួរបញ្ជាក់ថា មានកុមាររាប់ពាន់នាក់ដែលបានមកតាមដាននិងពិនិត្យសុខភាពជំងឺបេះដូងចំហនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ក្រោយពេលដែលរថយន្តពេទ្យដែលបំពាក់សម្ភារៈទំនើបរបស់មន្ទីរពេទ្យបេះដូងFUWAIខេត្តយូណានបានចូលមកដល់កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ហើយបានចាកចេញទៅប្រទេសចិននាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ៕

ដោយ៖ ស សម


ចែករំលែក៖