ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលាឆ្នាំ២០២៣, លោក កើតរិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ លោក ងួន ណារ៉ា ជាប្រធានសាលាដំបូងរាជធានីភ្នំពេញជំនួស លោក តាំង ស៊ុនឡាយ ដែលត្រូវបានតែងតាំងជា អនុប្រធានតុលាការកំពូល។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក មាន ចាន់យ៉ាដាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, លោកសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, លោកប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, លោកអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, លោកប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តនានា ព្រមទាំងលោកលោកស្រីជាចៅក្រម ព្រះរាជអាជ្ញារងក៏ដូចជា មន្រ្តីតុលាការមួយចំនួនទៀត។មានប្រសាសន៍នៅក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ លោក ងួន ណារ៉ាអតីតប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលត្រូវបានតែងតាំងជាប្រធានសាលាដំបូងរាជធានីភ្នំពេញនាឱកាសនេះ។ទន្ទឹមនេះ, លោកឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក តាំង ស៊ុនឡាយ ដែលបានដឹកនាំសាលាដំបូងរាជធានីភ្នំពេញ ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៣ នេះនិងថ្នាក់ដឹកនាំនៃសាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានរួមចំណែកក្នុងការធានាថែរក្សានូវស្ថិរភាពសង្គមសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, មានសាមគ្គីផ្ទៃក្នុងល្អ និងមានកិច្ចសហការល្អជាមួយនឹងអាជ្ញាធរអនុវត្តច្បាប់តាមមូលដ្ឋាននាពេលកន្លងមក ៕
ដោយ៖ សិលា