ព័ត៌មានទាន់ហេតុការណ៍៖

សារសំឡេងរបស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ អំពីស្ថានភាពរបស់និស្សិត​ និងប្រជាពលរដ្ឋខ្មែរ​ នៅប្រទេសអ៉ីស្រាអែល

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ជាថ្ងៃបុណ្យភ្ជុំបិណ្ឌ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បានចេញសារសំឡេងអំពីស្ថានភាពរបស់និស្សិត​ និងប្រជាពលរដ្ឋខ្មែរ​ នៅប្រទេសអ៉ីស្រាអែល ដោយថ្លែងយ៉ាងដូច្នេះថា , ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រឡាញ់ ! ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីជម្រាបជូនបងប្អូនជនរួមជាតិ អំពីស្ថានភាពរបស់និស្សិតខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល ។ ចំពោះនិស្សិតខ្មែរដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល ក៏ដូចជាក្រុមគ្រួសារនៅប្រទេសកម្ពុជាថា, សុខសុវត្ថិភាពរបស់ប្អូននិស្សិតខ្មែរ ក៏ដូចជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ។ 

សម្ដេចបានថ្លែងថា, បច្ចុប្បន្ននេះនិស្សិតខ្មែរដែល នៅក្នុងប្រទេសអ៊ីស្រាអែលចំនួន ៤៥២នាក់ ហើយមកទល់ ពេលនេះប្អូនៗមានសុវត្ថិភាព ទាំងអស់គ្នា ដោយមានការការពារ  យ៉ាងតឹងរឹងពីអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ និងកងកម្លាំងរបស់ អ៊ីស្រាអែល នៅក្នុងតំបន់ ដែលពួកគាត់រស់នៅ ក៏ដូចជាឯកសិដ្ឋានដែលពួកគាត់កំពុងស្នាក់នៅ និងហាត់ការ។ គឺក្រុមការងារ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ក្រសួងអប់រំយុវជននិងកីឡា អគ្គនាយកដ្ឋានចារកិច្ចក្រសួងការពារជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានតាមដានយ៉ាងយកចិត្តទុកដាក់ និងរាល់ការវិវត្តន៍នៃសភាពការណ៍ នៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាការទាក់ទងផ្ទាល់ជាមួយប្អូនៗនិស្សិត ដើម្បីក្តាប់បាននៅសុខទុក្ខ ជាពិសេស សុវត្ថិភាពរបស់ប្អូនៗទាំងយប់ទាំងថ្ងៃ តាំងពីស្ថានការណ៍ផ្ទុះ កាលពីថ្ងៃទី ៧ ខែតុលា ១សប្តាហ៍មុននេះ ។

សម្តេចធិបតីបន្តថា, ដោយសារស្ថានភាពវិវត្តន៍ប្រែប្រួល នៅក្នុងប្រទេសអ៊ីស្រាអែល ជាពិសេសនៅតំបន់កាស្សា ដែលមិនទាន់មានភាពច្បាស់លាស់នៅឡើយ និងដើម្បីត្រៀមជាយថាហេតុ ខ្ញុំបានប្រគល់ភារកិច្ចឲ្យទៅក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំកន្លែងសន្តិភាព សុវត្ថិភាពបណ្ដោះអាសន្នមួយ នៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ជាប់ព្រំប្រទល់ជាមួយនឹងប្រទេសអេហ្ស៊ីប និងប្រទេសហ្សកដិន ដែលមានចម្ងាយ ជិត 300 គីឡូម៉ែត្រពីតំបន់កាស្សា ។

សម្ដេចបានលើកបន្តថា, ចំពោះប្អូនៗនិស្សិតដែលមានបំណងចាកចេញពីកន្លែងស្នាក់នៅ និងហាត់ការមួយរយៈទៅកាន់ទីសុវត្ថិភាពនោះ គឺរាជរដ្ឋាភិបាល បានត្រៀមមធ្យោបាយដឹកជញ្ជូន ក៏ដូចជាទទួលខុសត្រូវ នៃការស្នាក់នៅ និងការហូបចុករបស់ប្អូនៗនិស្សិតនៅទីនោះ ។ ក្រុមការងាររបស់រាជរដ្ឋាភិបាលបានជូនដំណឹងទៅដល់ប្អូនៗនិស្សិត ទាំងអស់ដែលកំពុងមានវត្តមាន ក្នុងប្រទេសអ៊ីស្រាអែល ។ ចំពោះបងប្អូនដែលមានបំណងផ្លាស់ប្ដូរ ទីតាំងកន្លែងស្នាក់នៅ ទៅកាន់កន្លែងសុវត្ថិភាពបណ្ដោះអាសន្ននោះ ក៏សូមឲ្យពួកគាត់ចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដើម្បីបញ្ជាក់អំពីការស្ម័គ្រចិត្តរបស់ពួកគាត់។

សម្តេចធិបតីបន្តថា, ជាលទ្ធផលគិតត្រឹមម៉ោង ១០:០០នាទី ព្រឹកថ្ងៃទី ១៤ ខែតុលាឆ្នាំ ម៉ោងនៅប្រទេសកម្ពុជា ដែលត្រូវនឹងម៉ោង ៧:០០នាទី ព្រឹកនៅប្រទេសអ៊ីស្រាអែល ប្អូនៗនិស្សិតចំនួន ៤២២ នាក់បាន ចុះឈ្មោះតាមប្រពន្ធអនឡាញ ដោយប្អូនៗទាំង ៤២២ នាក់ បានស្ម័គ្រចិត្តបន្តរស់នៅកន្លែងដែលខ្លួន រស់នៅ រៀន ធ្វើការជាធម្មតា ដោយគិតថាមិនទាន់មានករណីចាំបាច់ចំពោះពួកគេ ក្នុងការប្ដូរទីតាំងទៅកាន់ ទីតាំងសុវត្ថិភាព ដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំជូន ។ សម្ដេចមានប្រសាសន៍ថា, ក្រុមការងាររបស់រាជរដ្ឋាភិបាល នឹងនៅតាមដានសភាពការណ៍វិវឌ្ឍន៍ ក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាការធ្វើទំនាក់ទំនងផ្ទាល់ជាមួយ ប្អូនៗនិស្សិតជាប់ជាប្រចាំ ហើយនិងត្រៀមលក្ខណៈដើម្បីជួយដល់ប្អូនៗ ដើម្បីធានានូវសុខសុវត្ថិភាពរបស់ប្អូនៗ ទាំងអស់គ្នា ព្រមទាំងចល័តចេញពីតំបន់មានហានិភ័យ ទៅកាន់តំបន់សុវត្ថិភាពតាមការចាំបាច់ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមធ្វើការអំពាវនាវសារជាថ្មី សូមប្អូនៗនិស្សិត អនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមអាជ្ញាធរសមត្ថកិច្ចនៅនឹងកន្លែង ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្អូនៗ សូមប្អូនៗមានលំនឹងក្នុងចិត្តថា, រាជរដ្ឋាភិបាលកម្ពុជាមិនទុកប្អូនៗចោលនោះទេ តែផ្ទុយទៅវិញរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ ជួបជាប្រចាំ គិតខ្ពស់សុខទុក្ខរបស់ប្អូនៗ ដោយចិត្តវិធានការចាំបាច់ទៅតាមអ្វីដែលយើងអាចធ្វើបាន ហ្នឹងសហការបានយ៉ាងល្អជាមួយអញអាធរអ៊ីស្រាអែល ។

សម្ដេចបន្តថា, គេចុងក្រោយក្នុងឱកាសភ្ជុំបិណ្ឌប្រពៃណីជាតិយើងនេះ ខ្ញុំសូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសប្អូនៗនិស្សិតដែលមានវត្តមាននៅប្រទេសអ៊ីស្រាអែល និងក្រុមគ្រួសារសូមប្រកបទៅដោយ សេចក្តីសុខសុវត្ថិភាពនិងទទួលបានជោគជ័យក្នុងគ្រប់កិច្ចការ ទាំងអស់៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖