ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ជូនពរដល់ជនរួមជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមជូនពរដល់ជនរួមជាតិ ដោយសម្តេចមានប្រសាសន៍ថា ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខ្ញុំ និងភរិយា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងឡាយ ក្នុងលោក សូមជួយថែរក្សាប្រោសព្រំសព្វសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ លោកតាលោកយាយ លោកអ៊ំ ពូមីង បងប្អូនទាំងអស់ ព្រមទាំងក្រុមគ្រួសារ ឲ្យសមប្រកបដោយសេចក្តីសុខ សុភមង្គល និងទទួលបានជោគជ័យនៅក្នុងគ្រប់ភារកិច្ច ព្រមទាំងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានបញ្ជាក់អំពី បងប្អូនជនរួមជាតិអំពីស្ថានភាពរបស់និស្សិតខ្មែរដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល ដោយសម្តេចមានប្រសាសន៍ថា ៖ 

១. ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រឡាញ់ ! 

២. ខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីជម្រាបជូនបងប្អូនជនរួមជាតិអំពីស្ថានភាពរបស់និស្សិតខ្មែរដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល។  

៣. ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ជាពិសេសនិស្សិតខ្មែរដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល ក៏ដូចក្រុមគ្រួសារនៅកម្ពុជាថា ÷ សុខសុវត្ថិភាពរបស់ប្អូនៗនិស្សិតខ្មែរ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ 

៤. បច្ចុប្បន្ននេះ មាននិស្សិតខ្មែរដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែលចំនួន ៤៥២នាក់ ហើយមកទល់នឹងពេលនេះ ប្អូនៗមានសុវត្តិភាពទាំងអស់គ្នា ដោយមានការការពារ យ៉ាងតឹងរឹង ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងរបស់អ៊ីស្រាអែលនៅក្នុងតំបន់ដែលពួកគាត់រស់នៅ ក៏ដូចជាពីសំណាក់កសិដ្ឋានដែលពួកគាត់កំពុងស្នាក់នៅនិងហាត់ការ។ 

៥. ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ក្រសួងអប់រំយុវជននិងកីឡា អគ្គនាយកដ្ឋានចារកិច្ចក្រសួងការពារជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានតាមដានយ៉ាងយកចិត្តទុកដាក់នូវរាល់ការវិវឌ្ឍន៍នៃសភាពការណ៍នៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាទាក់ទងផ្ទាល់ជាមួយប្អូនៗនិស្សិតជាប់ជាប្រចាំ ដើម្បីក្តាប់បាននូវសុខទុក្ខ ជាពិសេសសុវត្ថិភាពរបស់ប្អូនៗទាំងយប់ទាំងថ្ងៃ ចាប់តាំងពីស្ថានការណ៍បានផ្ទុះឡើកាលពីថ្ងៃទី ៧ ខែតុលា គឺមួយសប្តាហ៍មុននេះ។ 

៦. ដោយសារស្ថានភាពវិវត្តន៍ប្រែប្រួលនៅក្នុងប្រទេសអ៊ីស្រាអែលជាពិសេសនៅតំបន់ហ្កាសា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ និងដើម្បីត្រៀមជាយថាហេតុ ខ្ញុំបានប្រគល់ភារកិច្ចឲ្យក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំនូវទីកន្លែងសុវត្ថិភាពបណ្ដោះអាសន្នមួយ ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ជាប់ព្រំប្រទល់ជាមួយប្រទេសអេស៊ីបនិងប្រទេសចរដិន ដែលមានចំងាយជិត ៣០០គីឡូម៉ែត្រពីតំបន់ហ្កាសា។ 

៧. ចំពោះប្អូនៗនិស្សិតដែលមានបំណងចាកចេញពីតំបន់ដែលខ្លួនកំពុងស្នាក់នៅនិងហាត់ការមួយរយៈទៅកាន់ទីសុវត្ថិភាពនោះ គឺរាជរដ្ឋាភិបាលបានត្រៀមមធ្យោបាយដឹកជញ្ជូន ក៏ដូចជាទទួលខុសត្រូវលើការស្នាក់នៅ និងហូបចុករបស់ប្អូនៗនិស្សិតទាំងអស់នៅទីនោះ។ 

. ក្រុមការងាររបស់រាជរដ្ឋាភិបាលបានជូនដំណឹងទៅឲ្យប្អូនៗនិស្សិតទាំងអស់ដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល។ ចំពោះប្អូនៗនិស្សិតដែលមានបំណងចង់ធ្វើការផ្លាស់ទីកន្លែងទៅកាន់កន្លែងសុវត្ថិភាពបណ្ដោះអាសន្ននោះ គឺសូមអោយពួកគាត់ចុះឈ្មោះតាមប្រព័ន្ធអនឡាញ និងបញ្ជាក់អំពីការស្ម័គ្រចិត្តរបស់ពួកគាត់។ 

៨. ជាលទ្ធផល÷ គិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃទី ១៤ តុលា ២០២៣ ម៉ោងនៅប្រទេសកម្ពុជា (ដែលត្រូវជាម៉ោង ៧ ព្រឹកនៅប្រទេសអ៊ីស្រាអែល) មានប្អូនៗនិស្សិតចំនួន ៤២២នាក់ បានចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយប្អូនៗទាំង ៤២២នាក់នោះ បានសម្រេចចិត្តបន្តស្នាក់នៅក្នុងតំបន់ដែលខ្លួនកំពុងរស់នៅនិងធ្វើការជាធម្មតា និងគិតថាមិនទាន់មានការចាំបាច់សម្រាប់ពួកគេក្នុងការប្ដូរទីតាំងទៅកាន់ទីកន្លែងសុវត្ថិភាពដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំជូននោះទេ។ 

៩.  ក្រុមការងាររបស់រាជរដ្ឋាភិបាល នឹងនៅបន្តតាមដានសភាពការណ៍វិវត្តន៍នៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាទាក់ទងផ្ទាល់ជាមួយប្អូនៗនិស្សិតជាប់ជាប្រចាំ ហើយនិងត្រៀមលក្ខណៈដើម្បីជួយដល់ប្អូនៗ ដើម្បីធានានូវសុខសុវត្ថិភាពរបស់ប្អូនៗទាំងអស់គ្នា  រួមទាំងការចល័តចេញពីតំបន់មានហានិភ័យទៅកាន់តំបន់សុវត្ថិភាពតាមការចាំបាច់។ 

១០. ខ្ញុំសូមអំពាវនាវសារជាថ្មី ចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែល ជាពិសេសប្អូនៗនិស្សិត សូមគោរពឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនៅហ្នឹងកន្លែង ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្អូនៗ។  

. សូមប្អូនៗមានលំនឹងក្នុងចិត្តថារាជរដ្ឋាភិបាលកម្ពុជាមិនទុកប្អូនៗចោលនោះទេ តែផ្ទុយទៅវិញរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុខទុក្ខរបស់ប្អូនៗ ដោយចាត់វិធានការចាំបាច់ទៅតាមអ្វីដែលយើងអាចធ្វើបាន និងដោយសហការណ៍យ៉ាងល្អជាមួយអជ្ញាធរអ៊ីស្រាអែល។

១១. ជាចុងក្រោយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិនេះ ខ្ញុំសូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសប្អូនៗនិស្សិតដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល និងក្រុមគ្រួសារ សូមប្រកបទៅដោយសេចក្ដីសុខ សុវត្ថិភាព និងទទួលបានជោគជ័យក្នុងគ្រប់កិច្ចការទាំងអស់ ៕

ដោយ ៖ សិលា


ចែករំលែក៖