ព័ត៌មានទាន់ហេតុការណ៍៖

លោក ខៀវ កាញារីទ្ធ ៖ ថ្ងៃមុននិយាយពីភាពអច្ឆរិយៈនៃចេតិយហើយ ថ្ងៃនេះសូមនិយាយពីព្រះវិហារថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាលនេះវិញម្តង

ចែករំលែក៖

ខេត្តកណ្តាល ៖ លោក ខៀវ កាញារីទ្ធ អ្នកតំណាងារាស្ត្រមណ្ឌលកំពង់ចាម បានលើកឡើងថា៖ ថ្ងៃមុននិយាយពីភាពអច្ឆរិយៈនៃចេតិយហើយ ថ្ងៃនេះសូមនិយាយពីព្រះវិហារថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាលនេះវិញម្តង ។ 

លោកបានបញ្ជាក់ថា ៖ ខ្ញុំរៀបការនៅថ្ងៃ ៦ មេសា ១៩៨៥ ហើយតែងនាំប្រពន្ធដើរលេង ( កាលនោះ មិនទាន់ក្លាយជាខ្លាទេ ) ។ ថ្ងៃមួយ ឯកអគ្គរដ្ឋទូតឆេកូស្លូវ៉ាគី បបួលជិះកាណូតដើរលេងតាមទន្លេមេគង្គ ដោយចង់អោយខ្ញុំនាំទៅលេងផ្ទះទឹកនៅគគីរ កៀនស្វាយ ។ តែមកដល់ចុងខាងកើតគគីររកកន្លែងចូលមិនឃើញក៏សម្រេចដើរមើលភូមិអ្នកទន្លេវិញ ។ យើងអែបទៅខាងកើតទន្លេ តែរកកន្លែងចតកាណូតមិនបានស្រួលសោះ យើងរកពីកន្លែងមួយទៅកន្លែងមួយ ទីបំផុតឃើញកន្លែងមួយស្រលះគ្មានត្រែងយើងក៏ចុះចត ។ 

អ្នកតំណាងរាស្ត្រ ខៀវ កាញារីទ្ធ បានបន្យថា ៖ ខ្ញុំលោតចុះទាំងកប់ភក់ដើម្បីយកក្តារដាក់ច្រាំងអោយទាំងអស់គ្នាបានចុះដោយស្រួល ។ ពេលចូលដល់ក្នុងភូមិ អ្នកភូមិបានប្រាប់យើងថាកន្លែងនេះគឺជាឃុំថ្មគរ ។ ប្រពន្ធខ្ញុំភ្ញាក់ក្រញាងព្រោះជាស្រុកកំណើតឪពុកម្តាយគាត់ តែលោកទាំងពីរទៅភ្នំពេញជាយូរមកហើយៗប្រពន្ធខ្ញុំឮតែឈ្មោះតាមការដំណាលរបស់លោកទាំងពីរ ។ យើងបានមកដល់វត្តថ្មគរនេះ ដែលមានព្រះវិហារតូចមួយធ្វើពីស្លឹកដោយព្រះវិហារចាស់ត្រូវយន្តហោះទម្លាក់គ្រាប់បែកខ្ទេចអស់សម័យសង្គ្រាម ៧០ -៧៥ ( ជួរមាត់ទន្លេមេគង្គក្រោមនេះជាសមរភូមិក្តៅព្រោះជាកន្លែងពួនស្ទាក់បាញ់នាវាដឹកស្បៀង និង គ្រាប់ពីវៀតណាមខាងត្បូងយកមកផ្គត់ផ្គង់ភ្នំពេញ ) ។ តាំងពីពេលនោះមក យើងតែមកជួយសាងសង់វត្តនេះបន្តិចម្តងៗរហូតដល់ជិតឆ្នាំ ២០១០ ម្តាយក្មេកខ្ញុំសម្រេចកសាងជាវិហារនេះឡើង ។ តាមជំនឿគឺដូចនៅឆ្នាំ ១៩៨៥ នោះ មានអ្នកតម្រង់យើងអោយមកចតច្រាំងនេះ ចូលទីនេះតែម្តង ។ សូមអនុមោទនា ! ៕

ដោយ ៖ សិលា


ចែករំលែក៖