ខេត្តកំពង់ឆ្នាំង ៖ ភ្ញៀវទេសចរប្រមាណជាជិត១៧ម៉ឺននាក់បានមកលេងកម្សាន្ត តាមរមណីយដ្ឋាន តំបន់ទេសចរណ៍និងទីអារាមដែលមានលក្ខណៈជាទេសចរណ៍នានាក្នុងខេត្តកំពង់ឆ្នាំង ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ។ នេះបើតាមការបញ្ជាក់ពីប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក សេង សាលី នាព្រឹកថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៣នេះ។
លោក សេង សាលី បានឱ្យដឹងទៀតថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ពោលគឺថ្ងៃទី ១៣,១៤ និង១៥ខែតុលា មានភ្ញៀវទេសចរក្នុងខេត្តកំពង់ឆ្នាំងចំនួន១៦៨ ០៦១នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន២៨២នាក់។ ចំពោះគោលដៅទេសចរណ៍ដែលភ្ញៀវបានមកលេងកម្សាន្តមានប្រមាណជាង២១កន្លែងក្នុងខេត្តកំពង់ឆ្នាំង ក្នុងនោះមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិចំនួន១៧ទីតាំង និងទីអារាមដែលមានលក្ខណ:ជារមណីយដ្ឋានទេសចរណ៍មានចំនួន៤ទីតាំង ។ចំពោះតាមមូលដ្ឋានសហគមន៍ និងនៅតាមបណ្ដាវត្តអារាមនានា ក៏មានកាការរៀបចំលេងកម្សាន្តផ្សេងៗជាច្រើនផងដែរ ដើម្បីទាក់ទាញឱ្យពលរដ្ឋចូលរួមលេងកម្សាន្តសប្បាយរីករាយ ។
ចំពោះមូលហេតុដែលធ្វើអោយខេត្តកំពង់ឆ្នាំងក្លាយជាខេត្តគោលដៅដែលមានសក្តានុពលទេសចរណ៍នារដូវបុណ្យភ្ជុំបិណ្ឌ ត្រូវបានមន្ត្រីជំនាញអះអាងថា ដោយសារខេត្តមួយនេះមានការអភិវឌ្ឍ ប្រែក្លាយមុខមាត់ថ្មីរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសផ្លូវធ្វើដំណើរដែលបានតភ្ជាប់ពីទីរួមខេត្តទៅកាន់តំបន់ដាច់ស្រយាលមួយចំនួននៅក្នុងខេត្ត ។ក្រៅពីនេះក៏មានការរួមចំណែកពីភាពល្អប្រសើរនៃសន្តិសុខ សុវត្តិភាព និងសន្តិភាព ដែលជាកត្តាចម្បងផងដែរ។ការស្ថាបនាផ្លូវខ្វាត់ខ្វែងជាបន្តបន្ទាប់នេះបានធ្វើអោយអ្នកទេសចរអាចមានឱកាសធ្វើដំណើរកាន់តែមានភាពងាយស្រួលប្រើប្រាស់ពេលវេលាឆាប់រហ័សអាចទៅដល់ទីតាំងគោលដៅទេសចរណ៍។
ចំពោះតំបន់ទេសចរណ៍នៅក្នុងខេត្តកំពង់ឆ្នាំង ដែលមានភ្ញៀវទេសចរទៅលេងច្រើនជាងគេនោះ រួមមាន ទឹកជ្រោះបាដាវ ទឹកជ្រោះអូរដា មាត់ទន្លេផ្សារក្រោម ស្ថិតក្នុងក្រុងកំពង់ឆ្នាំងនិង រមណីយដ្ឋានទេចរណ៍ធម្មជាតិជាច្រើនកន្លែងទៀតនៅក្នុងខេត្តកំពង់ឆ្នាំង ៕
ដោយ ៖ ចន្ថា